បន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ មានចំនួន២២នាក់ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ត្រូវនគរបាលបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ចូនពួកគាត់ទៅកាន់តាមបណ្តាខេត្ត ។ នេះបើយោងតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រកាសនាយប់ថ្ងៃទី១២ ខែតុលានេះ ។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង ។

ជាលទ្ធផល នៅថ្ងៃអាទិត្យនេះ ចាប់ពីម៉ោង៨.០០ នាទីព្រឹក ដល់ម៉ោង៤.០០នាទីល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន២២នាក់ ស្រី០៩នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅដ្ឋានរបស់ពួកគាត់ នៅខេត្តចំនួន០៣ គឺខេត្តបន្ទាយមានជ័យ១៨នាក់ ស្រី០៦នាក់,ខេត្តសៀមរាប ០២នាក់ ស្រី០១នាក់ ,ខេត្តបាត់ដំបង ០២នាក់ស្រី ។

នៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ ដដែលនេះ មានពលរដ្ឋខ្មែរចំនួន១២នាក់ មានស្រី០៦នាក់ បានព្យាយាមលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលនៅស្រុកម៉ាឡៃស្ទាក់ឃាត់យកមកអប់រំ និងបានប្រើប្រាស់រថយន្ត១គ្រឿង ដឹកជញ្ជូនពលករខ្មែរទាំងនោះទៅប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ចែងបន្ត ៕





ចែករំលែកព័តមាននេះ