រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌសែនសុខ និងស្រុកអង្គស្នួលស្រាវជ្រាវ ហើយឈានទៅឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះយកគ្រឿងអលង្ការនៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយគេចខ្លួនបានតែ៤ថ្ងៃ ។

ជនសង្ស័យរូបនោះឈ្មោះ សីន ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ ។ ចំណែកជនរងគ្រោះ១-ឈ្មោះ ត្រោក រស្មី ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ នៅភូមិដីថ្មី សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯកម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ វេលា ម៉ោង០៩និង៤០នាទី មានករណីលួចមានស្ថានទម្ងន់ទោស(គាស់ទម្លុះ ទម្លាយលួចលុយ និងគ្រឿងអលង្ការ) នៅចំណុចផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បន្ទាប់ពីធ្វើសកម្មភាពបានសម្រេច ជនសង្ស័យបានគេចខ្លួន ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចមូលដ្ឋាន ។ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបញ្ជារផ្ទាល់ ដោយឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ, កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបាន សហការជាមួយអធិការនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ ហើយឈានទៅសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហើយឈានទៅឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចស្តុបកែងផ្សារបែកចាន ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចក៏បានដកហូតគ្រឿងអលង្ការ និងប្រាក់មួយចំនួនផងដែរ ។ ទោះបីជាយ៉ាងណាសមត្ថកិច្ចពុំបានឲ្យដឹងពីចំនួនគ្រឿងអលង្ការ និងប្រាក់ ដែលត្រូវជនសង្ស័យគាស់លួចយកនោះឡើយ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិត ស្រាលរាជធានីភ្នំពេញ នាំខ្លួនមកសាកសួរ និងចាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ