ខេត្តត្បូងឃ្មុំ ៖ ព័ត៌មានបឋម ! ក្រោមកិច្ចសហការរវាងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំជាមួយ និងខេត្តបន្ទាយមានជ័យ បានតាមប្រមាញ់រថយន្តមួយគ្រឿងម៉ាកអាល់ហ្វាត ដែលសង្ស័យចាប់មនុស្សដាក់រថយន្តនៅចំណុចក្បាលស្ពានគីហ្ស៊ុណា ត្រើយខាងកើតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជន ។

ទីបំផុតរថយន្តនេះ បានបើកគេចឆ្លងពីខេត្តមួយ ទៅខេត្តមួយរហូតដល់ខេត្តជាយដែនជាប់ថៃ ទើបប្រមាញ់ស្ទាក់ចាប់រថយន្តនោះបានដោយរំដោះអ្នករងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ។

តាមសមត្ថកិច្ចមូលដ្ឋានលើកឡើងថា ដំបូងរថយន្តមួយគ្រឿងនេះ មិនបានដឹងបើកចេញពីគោលដៅណាមួយនោះទេ លុះមកដល់ចំណុចឃុំទន្លេបិទ ស្រាប់តែរថយន្តបែកកង់ ពេលចូលជាងដូរកង់ ស្រាប់តែមានគេបើកទ្វាររថយន្តក៏ឃើញសកម្មភាពប្រទាញប្រទង់សង្ស័យចាប់មនុស្ស ហើយត្រូវបានប្រជាពលរដ្ឋឃើញថតតាមទូរស័ព្ទបង្ហោះលើបណ្ដាញសង្គម ក៏ភ្ញាក់ផ្អើលដល់កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំទន្លេបិត ចេញមកដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោចិន នី ស្នងការនគរបាលខេត្តដើម្បីអន្តរាគមន៍ក្នុងករណីនេះ ។

សមត្ថកិច្ចមូលដ្ឋាន បន្តឲ្យដឹងទៀតថា បន្ទាប់មកលោកអធិការនគរបាលស្រុកត្បូងឃ្មុំបានដឹកនាំកម្លាំងជំនាញចុះសួរនាំសាក្សីកន្លែងកើតហេតុ ។
ជាមួយនោះ លោកឧត្តមសេនីយ៍ត្រីចក់ សុខកៅ ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ បានបញ្ជាឲ្យកម្លាំងតាមគោលដៅតាមឃ្លាំមើលរថយន្តដែលសង្ស័យ ដោយបើកកិច្ចប្រតិបត្តិការបង្ក្រាបពីខេត្តមួយទៅខេត្តមួយ ក្នុងការតាមរករថយន្តដែលសង្ស័យចាប់អ្នករងគ្រោះ ។ ករណីនេះដែរ គឺជាការជួញដូរមនុស្ស និងធ្វើទារុណកម្ម ។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៥និង៣៥នាទីល្ងាច កម្លាំងជំនាញទទួលព័ត៌មានថា មានករណីចាប់មនុស្សដាក់ក្នុងរថយន្ត១គ្រឿង ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 2CF.1922 នៅត្រង់ចំណុចកន្លែងប៉ះកង់រថយន្ត ភូមិទន្លបិទ ឃុំទន្លបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ និងមានការសហការពីកម្លាំងជំនាញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ងិន ពេជ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ។

មកដល់ពេលនេះ កម្លាំងជំនាញបានទទួលព័ត៌មានមកថា រថយន្ត១គ្រឿងនេះ បានដឹកជនរងគ្រោះឆ្ពោះទៅ ខេត្តបន្ទាយមានជ័យ ។ រហូតដល់ម៉ោង១១និង១៧នាទីយប់ ថ្ងៃខែឆ្នាំដដែល(១០ តុលា ) សមត្ថកិច្ចជំនាញនៃធិការដ្ឋាននគរបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់រថយន្តដែលដឹកជនរងគ្រោះបាននៅចំនុចមុខ ប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រាស នៃអធិការដ្ឋានមគរបាលស្រុកស្វាយចេក រួមជាមួយមនុស្ស៥នាក់ ជនរងគ្រោះម្នាក់ និងជនសង្ស័យ៤នាក់ដែលមានឈ្មោះដូចខាងក្រោម៖

ជនរងគ្រោះ១. ឈ្មោះ Chen Noeuysin ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន (ជនរងគ្រោះ) ។ ចំណែកជនសង្ស័យមាន១. ឈ្មោះ ចយ សាទី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគោករការ ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (អ្នកបើកបរ) ។ ២. ឈ្មោះ ធី ចិត្ត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តន្ទាយមានជ័យ ។ ៣. ឈ្មោះ រ៉ម សិរីវ័ន្ត ភេទប្រុស អាយុ៣៧ឆ្មាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃកុប សង្កាត់ផ្សារអូរទស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ៤. ឈ្មោះ ឆុន សុភិន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែររ ស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញនៃស្នងកាដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានសហការជាមួយសមត្ថកិច្ចជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលយកជនសង្ស័យ និងវត្ថុតាងបំពេញសំណុំរឿងចាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ