រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពមួយរយៈ នៅឯទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននោះនារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីនរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យ ស្ដេចយាងមកដល់មាតុប្រទេសវិញប្រកបដោយព្រះរាជសុវត្ថិភាព តាមព្រះទីនាំងយន្តហោះពិសេស ។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើរយាងមកដល់របស់ព្រះអង្គទាំងទ្វេ នៅឯព្រលានយន្តហោះអន្តរជាតិតេជោ មានវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសនៃឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំង សម្ដេចឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខអ្នការជាច្រើនរូបទៀត ។

ដោយឡែក មន្ត្រីតំណាងស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះផងដែរ ។
គួរបញ្ជាក់ដែរថា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចម៉ែ បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដែលនេះ គឺជាព្រះរាជដំណើរយាងជាទៀងទាត់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ទៅកាន់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព ។

ក្រៅពីយាងពិនិត្យព្រះរាជសុខភាព ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងជាព្រះកិត្តិយសក្នុងពិធីរម្លឹកខួបលើកទី៨០ ទិវាជ័យជម្នះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ពួកហ្វាស៊ីស ដែលបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ហើយព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរក៏បានជួបសវនាការជាមួយប្រធានាធិបតីចិន ស៊ី ជីងពីង និងលោកជំទាវ នៅឯព្រះរាជដំណាក់ ក្នុងទីក្រុងប៉េកាំង ផងដែរ៕






ចែករំលែកព័តមាននេះ