ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​អន្តរជាតិ​ចាប់ផ្តើម​រំកិល​ចុះ ខណៈ​ដែល​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ឡើងថ្លៃ

1 នាទី មុន

បរទេស ៖ បន្ទាប់​ពី​ហក់​ឡើង​លើស​តម្លៃ ៤ ០០០​ដុល្លារ​ក្នុង​១​អោន (៤ ៨២០​ដុល្លារ​ក្នុង​១​តម្លឹង​) រួច​មក តម្លៃ​មាស​អន្តរជាតិ​បាន​ចាប់ផ្តើម​ធ្លាក់​ចុះ​មក​នៅ​ក្រោម ៤…

បរទេស ៖ បន្ទាប់​ពី​ហក់​ឡើង​លើស​តម្លៃ ៤ ០០០​ដុល្លារ​ក្នុង​១​អោន (៤ ៨២០​ដុល្លារ​ក្នុង​១​តម្លឹង​) រួច​មក តម្លៃ​មាស​អន្តរជាតិ​បាន​ចាប់ផ្តើម​ធ្លាក់​ចុះ​មក​នៅ​ក្រោម ៤ ០០០​ដុល្លារ​/​អោន ខណៈ​ដែល​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ឡើងថ្លៃ ហើយ​តម្រូវការ​មាស​សម្រាប់​ជា​ទុនបម្រុង​ក៏​បាន​ថយ​ចុះ​ផង​ដែរ បន្ទាប់​ពី​ប្រទេស​អ៊ី​ស្រា​អែ​ល និង​ក្រុម​ហា​ម៉ាស​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រួម​គ្នា​មួយ​។

ចុងបញ្ចប់​នៃ​ការ​ជួញដូរ កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៥ តម្លៃ​មាស​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ជិត ៦៥​ដុល្លារ មក​នៅ​ត្រឹម ៣ ៩៧៥​ដុល្លារ​/​អោន (៤ ៧៨៩​ដុល្លារ​/​តម្លឹង​)​។ នៅ​ក្នុង​វគ្គ​ជួញដូរ​ដែល​កំពុង​បន្ត គិត​ត្រឹម​ម៉ោង ២​នាទី​រសៀល​ថ្ងៃ​ទី​១០ តុលា (​ម៉ោង​នៅ​កម្ពុជា​) តម្លៃ​មាស​អន្តរជាតិ​បាន​បន្ត​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៣ ៩៦៦​ដុល្លារ​/​អោន (៤ ៧៧៨​ដុល្លារ​/​តម្លឹង​)​។

យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​កើនឡើង ០,៥% ជិត​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល ២ ខែ ដែល​ធ្វើ​ឱ្យ​មាស​កាន់តែ​ថ្លៃ​សម្រាប់​អ្នកទិញ​នៅ​បរទេស​។ លោក Tai Wong ពាណិជ្ជករ​មាស​ឯករាជ្យ លើក​ឡើង​ថា វិនិយោគិន​កំពុង​ទទួល​បាន​ប្រាក់​ចំណេញ​មួយ​ចំនួន​ពី​ការ​លក់​មាស នៅ​ពេល​ដែល​បទ​ឈប់​បាញ់​ក្នុង​តំបន់​ហ្គា​ហ្សា (Gaza) បាន​ចូល​ជា​ធរមាន​។

ប្រទេស​អ៊ី​ស្រា​អែ​ល និង​ក្រុម​ហា​ម៉ាស់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា កាលពី​ថ្ងៃ​ទី​៩ ខែតុលា កន្លង​ទៅ ដែល​ជា​ការ​កត់សម្គាល់​ដំណាក់កាល​ដំបូង​នៃ​គំនិត​ផ្តួចផ្តើម​របស់​ប្រធានា ធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ហ្គា​ហ្សា​។

នៅ​ក្នុង​វគ្គ​ជួញដូរ កាលពី​ថ្ងៃ​ទី​៨ តុលា តម្លៃ​មាស​អន្តរជាតិ​បាន​ហក់​ឡើង​លើស ៤ ០០០​ដុល្លារ​/​អោន ដោយ​បំបែក​កំណត់​ត្រា​ខ្ពស់​បំផុត ៤ ០៥៩​ដុល្លារ​/​អោន (៤ ៨៩០​ដុល្លារ​/​តម្លឹង​)​។ នេះ​មិន​ត្រឹមតែ​ជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ជួញដូរ​មាស​ពិភពលោក​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​កត់សម្គាល់​នៃ​ការ​កើនឡើង​តម្លៃ​មាស​ខ្ពស់​បំផុត ចាប់តាំងពី​ដើមឆ្នាំ​មក ពោល​បាន​កើនឡើង​ប្រហែល ៥១% ហើយ​។

ការ​កើនឡើង​តម្លៃ​មាស​អន្តរជាតិ ជំរុញ​ដោយ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ តម្រូវការ​ពី​បណ្តា​ធនាគារកណ្តាល​ពិភពលោក​កាន់តែ​ខ្លាំង មូលនិធិ​ជួញដូរ​ប្រាក់ ETF ក៏​ដូច​ជា​ការ​រំពឹង​ទុក​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ដោយ​ធនាគារកណ្តាល​អា​មេ​រិ​ក (Fed) និង​ភាព​មិន​ប្រាកដប្រជា​សេដ្ឋកិច្ច ដែល​បណ្តាល​មក​ពី​ពន្ធគយ​ផង​ដែរ​។

នៅ​កិច្ចប្រជុំ​កាលពី​ខែកញ្ញា​របស់ Fed ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​បាន​បង្ហាញ​ថា​មន្ត្រី Fed បាន​យល់​ថា ហានិភ័យ​ចំពោះ​ទីផ្សារ​ការងារ​របស់​អា​មេ​រិ​ក​គឺ​ខ្ពស់ គ្រប់គ្រាន់​ដើម្បី​ធានា​ដល់​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ប៉ុន្តែ​នៅ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពាក់ព័ន្ធ​នឹង​អតិផរណា​។ Fed បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ខ្លួន ២៥​ពិន្ទុ​មូលដ្ឋាន នៅ​ក្នុង​ខែកញ្ញា​។ បណ្តា​វិនិយោគិន​នៅ​តែ​មើលឃើញ​ថា ការ​កាត់​បន្ថយ ២៥​ពិន្ទុ​ផ្សេង​ទៀត នឹង​កើត​ន​ឡើង​ក្នុង​ខែតុលា និង​ខែធ្នូ​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ