ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានជំរុញដល់រដ្ឋបាលក្រុងស្រុកទូទាំងខេត្ត ត្រូវស្វែងរកផលិតផលដែលជាអត្តសញ្ញាណប្រចាំស្រុករបស់ខ្លួន ដើម្បីយកមកតាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថាក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងសំណើសុំបន្តចងក្រងផលិតផលភូមិមួយផលិតផលមួយ ឆ្នាំ២០២៥ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការចងក្រង និងបង្កើតឱ្យមាន “ភូមិមួយផលិតផលមួយ (One Village One Product – OVOP)” គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកយ៉ាងក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាស្ដែងមូលដ្ឋានខេត្តសៀមរាបផ្ទាល់។
លោក យុន លីនណេ បានបញ្ជាក់ថា ការបង្កើតឱ្យមាន OVOP នៅតាមបណ្ដាក្រុងស្រុក ក្នុងភូមិសាស្រ្តខេត្តសៀមរាប គឺជាចលនារស់រវើកសម្រាប់ជំរុញ និងបង្កើនជីវភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើឱ្យពួកគាត់បង្កើននូវសមត្ថភាពសម្រាប់ការផលិត។ ក្នុងន័យនេះ ក្រុមការងារទាំងអស់ ត្រូវបន្ថែមសមាជិក និងពង្រឹងសមត្ថភាពរបស់សមាជិកនីមួយៗក្នុងការបង្កើតផលិតផលសម្រាប់ឆ្លើយតបនឹងតម្រូវការទីផ្សារ។
លោកអភិបាលរងខេត្ត ក៏បានជំរុញដល់រដ្ឋបាលក្រុងស្រុកទូទាំងខេត្ត ត្រូវស្វែងរកផលិតផលដែលជាអត្តសញ្ញាណប្រចាំស្រុករបស់ខ្លួន ដើម្បីយកមកតាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗ ព្រោះវាជាឱកាសដ៏ល្អក្នុងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ក្នុងការផលិតផលិតផលក្នុងស្រុក ដែលជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកផលិតផ្ទាល់។
ជាមួយគ្នានេះលោកក៏បានណែនាំដល់ក្រុមការងារ និងសមាជិកទាំងអស់ ត្រូវពិភាក្សា និងរកផ្សារអចិន្ត្រៃយ៍មួយក្នុងក្រុងសៀមរាប សម្រាប់តាំងពិព័រណ៍ផលិតផលនានា ដែលទីតាំងនោះជាទីតាំងទាក់ទាញភ្ញៀវទេសចរ៕
ចែករំលែកព័តមាននេះ