រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តលឿនដូចហោះ រេចង្កូត ជ្រុលទៅបុករះម៉ូតូ២គ្រឿង និងរថយន្ត៣គ្រឿង រួមទាំងរ៉ឺម៉ក់ ១គ្រឿងទៀត បណ្ដាលអោយមនុស្សប្រុសស្រី ៣នាក់ របួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤និង២០នាទីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចអាគារដឺប្រ៊ីត តាមបណ្តោយផ្លូវលេខ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានអោយដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿង ម៉ាកតូយូតា ឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-6878 បើកតាមបណ្តោយផ្លូវលេខ៧៨ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូ០២គ្រឿង ម៉ាកស្កុបពី ពណ៌ឈាមជ្រូក និងពណ៌ស បុកពីក្រោយពេញទំហឹង បណ្តាលអោយស្ត្រីជាអ្នកជិះម៉ូតូរងរបួសធ្ងន់ ហើយមនុស្សប្រុស២នាក់ទៀតរងរបួសស្រាល ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ ។ ចំណែករថយន្តបង្ក មិនទាន់អស់ល្បឿន បន្តទៅបុករថយន្តព្រុស ពាក់ស្លាកលេខ ភ្នំពេញ 2BU-2543 កំពុងចតចិញ្ចើមផ្លូវ ទៅរុញផ្ទប់ពីក្រោយរថយន្ត០២គ្រឿង បង្កការខូចខាតយ៉ាងដំណំ ។ ភ្លាមៗ ជនបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅសាកសួរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ រួចវាស់វែងយករថយន្តទាំង២គ្រឿង រួមទាំង ម៉ូតូ១គ្រឿង យកទៅរក្សាទុករងចាំដោះស្រាយគ្នាពេលក្រោយ ៕



ចែករំលែកព័តមាននេះ