ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន៨០គ្រួសារ ក្នុងស្រុកពាមជរ ទទួលបានអំណោយមនុស្សធម៌តាមរយៈអាជ្ញាធរខេត្តព្រៃវែង។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន ៨០គ្រួសារ រស់នៅឃុំកំពង់ប្រាសាទ និងឃុំកោះសំពៅ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង។
ក្នុងឱកាសនោះឯកឧត្តម សួន សុម៉ាលីន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយសារទឹកជំនន់ ជាពិសេសការថែទាំសុខភាព អនាម័យ និងការមើលថែរក្សាកូនចៅតូចៗកុំឱ្យលង់ទឹក។
បើយោងតាមរបាយការណ៍របស់ អភិបាលស្រុកពាមជរ បានដឹងថា ប្រជាពលរដ្ឋក្នុងស្រុកពាមជរ ភូមិដែលរងផលប៉ះពាល់ដោយទឹកជំនន់សរុបចំនួន៤០ ភូមិ គ្រួសាររងផល ៧៦៧ គ្រួសារ ខ្នងផ្ទះចំនួន ៣១៩ ខ្នង ក្នុងនោះ មនុស្សជម្លៀសចំនួន ៤៣ នាក់ និងសត្វចំនួន ២៥ ក្បាល។ បណ្តាគ្រួសាររងផលប៉ះពាល់ទាំងអស់ គ្រួសារដែលរងផលប៉ះពាល់ខ្លាំងមានចំនួន ៨០ គ្រួសារ។ ចំពោះទីទួលសុវត្ថិភាព ស្រុកពាមជរមានទួលសុវត្ថិភាពចំនួន ២៤ ទួល។
ក្នុងរដូវទឹកជំនន់នេះដែរ ស្រុកពាមជរ បានរងផលប៉ះពាល់ដំណាំកសិផល ដែរអនុវត្តលើផ្ទៃដីចំនួន ៤.០៦ ហិកតា រងផលប៉ះពាល់ ៤៦៧ ហិកតា និងខូចខាតចំនួន ២១៥ ហិកតា ក្នុងនោះដំណាំអនុផលចំនួន ២២ ហិកតា៕
ចែករំលែកព័តមាននេះ