ខេត្តកណ្ដាល៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធពន្លឿនការ សាងសង់ឱ្យបានឆាប់រហ័សនូវគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)តាមការគ្រោងទុក។
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែតុលានេះ បានឱ្យដឹង កាលពីម្សិលមិញ ឯកឧត្តម ភី សុភាត់ អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគម្រោងសាងសង់ស្ពានឆ្លងកាត់មេគង្គ(ដីឥដ្ឋ-ថ្មគរ) ដឹកនាំសមាជិកគ្រប់គ្រងគម្រោង ចុះពិនិត្យគម្រោងសាងសង់ស្ពានមេគង្គដីឥដ្ឋ-ថ្មគរ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផ្សេងទៀត។
បើតាមក្រសួង, បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងចំនួ៤ សំខាន់ៗរួមមាន៖ ១). វិធានការសុវត្ថិភាពនៅផ្នែកផ្លូវក្រវាត់ក្រុងទី៣ ដែលបិទបណ្ដោះអាសន្ន និងចំណុចប្រសព្វនៃផ្លូវ ១១៦ ២).ត្រួតពិនិត្យតំបន់សំណង់សសរគ្រឹះនៃស្ពានលើអាកាស ត្រង់ PK1+540 និងយល់ដឹងអំពីវឌ្ឍនភាពសំណង់ និងការតេស្តសាកល្បងលទ្ធភាពទ្រទ្រង់របស់សសរគ្រឹះ ៣).ត្រួតពិនិត្យរោងចក្រជួសជុលដែកខាងលិចទន្លេ និងពិនិត្យការប្រតិបត្តិការលុបច្រែះដែកដោយម៉ាស៊ីនឡេស៊ែរ និង ៤).ត្រួតពិនិត្យតំបន់សំណង់គ្រឹះសសរក្នុងទឹកនៅខាងលិចទន្លេ ដើម្បីយល់ដឹងអំពីបច្ចេកទេសសាងសង់សសរគ្រឹះ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជំរុញឱ្យក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធត្រូវសហការគ្នាឱ្យបានល្អ ដើម្បីពន្លឿន ការសាងសង់ស្ពានមេគង្គដីឥដ្ឋ-ថ្មគរ ឱ្យបានកាន់តែឆាប់រហ័សតាមការគ្រោងទុក ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) មានទីតាំងស្ថិតក្នុងខេត្តនៅក្នុងខេត្តកណ្តាល មានប្រវែងសរុប ១.៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២.១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨ខាងមុខនេះ៕
ចែករំលែកព័តមាននេះ