ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន​រឹត​បន្តឹង​ច្បាប់​នាំ​ចេញ​ធនធាន​រ៉ែ​កម្រ​សំខាន់​ៗ

6 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​រឹត​បន្តឹង​ច្បាប់​នាំ​ចេញ​ធនធាន​រ៉ែ​កម្រ​សំខាន់​ៗ សម្រាប់​ការ​ផលិត ផលិតផល​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ជា​ច្រើន​។ បទ​ប្បញ្ញត្តិ​ថ្មី​នេះ ត្រូវ​បាន​ប្រកាស​ដោយ​ក្រសួងពាណិជ្ជកម្ម​ប្រទេស​មួយ​នេះ ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ផ្អែក​លើ​ច្បាប់​ដែល​មាន​ស្រាប់​ពាក់ព័ន្ធ​បច្ចេកវិទ្យា​កែ​ច្នៃ និង​កិច្ច​សហប្រតិបត្តិការ​ក្រៅប្រទេស​ដែល​គ្មាន​ការ​អនុញ្ញាត​។…

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​រឹត​បន្តឹង​ច្បាប់​នាំ​ចេញ​ធនធាន​រ៉ែ​កម្រ​សំខាន់​ៗ សម្រាប់​ការ​ផលិត ផលិតផល​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ជា​ច្រើន​។ បទ​ប្បញ្ញត្តិ​ថ្មី​នេះ ត្រូវ​បាន​ប្រកាស​ដោយ​ក្រសួងពាណិជ្ជកម្ម​ប្រទេស​មួយ​នេះ ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ផ្អែក​លើ​ច្បាប់​ដែល​មាន​ស្រាប់​ពាក់ព័ន្ធ​បច្ចេកវិទ្យា​កែ​ច្នៃ និង​កិច្ច​សហប្រតិបត្តិការ​ក្រៅប្រទេស​ដែល​គ្មាន​ការ​អនុញ្ញាត​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៥​។

ប្រទេស​ចិន​ក៏​ទំនងជា​បិទ​ការ​នាំ​ចេញ​ទៅ​កាន់​ក្រុមហ៊ុន​ផលិត​អាវុធ​បរទេស និង​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប ឬ​ផលិតផល​ពាក់កណ្តាល​សម្រេច (Semiconductor) មួយ​ចំនួន​ផង​ដែរ​។ ការ​នាំ​ចេញ​ធនធាន​រ៉ែ​កម្រ គឺជា​ចំណុច​ជាប់​គាំង​ដ៏​សំខាន់​មួយ​ក្នុង​ការ​ចរចា​រយៈពេល​ជា​ច្រើន​ខែ​រវាង​ចិន និង​សហរដ្ឋអាមេរិក ជុំវិញ​បញ្ហា​ពាណិជ្ជកម្ម និង​ពន្ធគយ​។

ការ​ប្រកាស​ថ្មី​នេះ ធ្វើ​ឡើង​ស្រប​ពេល​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង (Xi Jinping) និង​ប្រ​ធានា​ធីប​តី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួប​គ្នា នៅ​ចុងខែ​តុលា​នេះ​។

ក្រសួងពាណិជ្ជកម្ម​ចិន​បាន​បញ្ជាក់​ថា បច្ចេកវិទ្យា​ដែល​ប្រើ​ក្នុង​ការ​ជីក​យក​រ៉ែ និង​កែ​ច្នៃ​ធនធាន​រ៉ែ​កម្រ អាច​នាំ​ចេញ​បាន​លុះត្រា​មានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល ដ្បិត​បច្ចេកវិទ្យា​ទាំងនេះ​ជា​ច្រើន ត្រូវ​បាន​ដាក់​កម្រិត​រួច​ទៅ​ហើយ​។

ប្រទេស​ចិន​បា​នប​ញ្ជូ​ល​ប្រភេទ​ធនធាន​រ៉ែ​កម្រ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៅ​ក្នុង​បញ្ជី​ត្រួតពិនិត្យ​ការ​នាំ​ចេញ​របស់​ខ្លួន កាលពី​ខែមេសា​កន្លង​ទៅ ដែល​បណ្តាល​ឱ្យ​មានការ​ខ្វះខាត​យ៉ាង​ខ្លាំង​នៅ​ពេល​នោះ​។ ប៉ុន្តែ​ការ​ប្រកាស​ថ្មី​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាជ្ញាប័ណ្ណ​ទំនងជា​មិន​ត្រូវ​បាន​ចេញ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ និង​ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​ឧស្សាហកម្ម​ផលិត​បន្ទះ​ឈី​ប​នោះ​ទេ​។ ជាមួយ​គ្នា​នោះ បណ្តា​ក្រុមហ៊ុន​ចិន​ក៏​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​បរទេស​លើ​ការងារ​ពាក់ព័ន្ធ​ធនធាន​រ៉ែ​ក្រម ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ផង​ដែរ​។

ប្រទេស​ចិន​ត្រូវ​បាន​ចោទប្រកាន់​ដោយ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​លោក​ខាងលិច​ផ្សេង​ទៀត​ថា​បាន​ជួយ​ដល់​សង្គ្រាម​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដោយ​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចេញ​ពាក់ព័ន្ធ​វិស័យ​បច្ចេកវិទ្យា ក៏​ដូច​ជា​សម្ភារៈ​អាច​ប្រើ​សម្រាប់​គោលបំណង​ស៊ី​វិល ឬ​យោធា ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី បើ​ទោះបីជា​ចិន​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​អំពី​ការ​ចោទប្រកាន់​នេះ​។

បទ​ប្បញ្ញត្តិ​ថ្មី​របស់​ចិន ស្រ​ដៀង​គ្នា​ទៅ​នឹង​បទ​ប្បញ្ញត្តិ​របស់​អា​មេ​រិ​ក ដែល​រារាំង​ប្រទេស​នានា​មិន​ឱ្យ​លក់​ឧបករណ៍​ផលិត​បន្ទះ​ឈី​ប​ទៅ​ឱ្យ​ប្រទេស​ចិន​។ អា​មេ​រិ​កបាន​ប្រើប្រាស់​វិធានការ​ទាំងនោះ ដើម្បី​ពន្យឺតការ​អភិវឌ្ឍន៍​របស់​ចិន​លើ​ការ​ផលិត​បន្ទះ​ឈី​ប​ដ៏​មាន​ឥទ្ធិពល ដែល​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ស៊ើបការណ៍​ដោយ​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត AI ទៅ​នឹង​កម្មវិធី​យោធា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ