រាជធានីភ្នំពេញ ៖ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ។ នេះបើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាក្នុងការរៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) បន្ទាប់ពីភាគីទាំងពីរបានផ្លាស់ប្តូរកែសម្រួលលើឯកសារនេះចំនួន២ លើករួចមកហើយ ។
លោកជំទាវបានឲ្យដឹងថា ការរៀបចំឱ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) នេះគឺដើម្បីធានាបាននូវបែបបទការងារមួយដែលមានស្តង់ដារ ព្រមទាំងធានាបាននូវអធិបតេយ្យ និងបូរណភាពទឹកដី ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ជាពិសេស កិច្ចការងារនេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីនដែលបន្សល់ទុកពីសង្គ្រាម ។
គួររំលឹកផងដែរថា ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ ត្រូវបានបង្កើតឡើងស្របតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ។
ចែករំលែកព័តមាននេះ