ខេត្តបាត់ដំបង ៖ គេមិនទាន់ដឹងថា តើអ្នកបើកបររថយន្តដឹកជ្រូកងងុយដេក ឬយ៉ាងណានោះទេ ? ស្រាប់តែបានបើកបុកទូរថភ្លើងទាំងកំរោល បណ្ដាលឲ្យអ្នកជិះក្នុងរថយន្តនោះចំនួន០៤នាក់រងរបួសធ្ងន់ស្រាល កាលពីវលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៩ តុលា នៅលើផ្លូវហាយវេ ត្រង់ចំណុចមានផ្លូវរថភ្លើងឆ្លងកាត់ ស្ថិតក្នុងភូមិអូរដំបង ឃុំអូរដំបង១ ស្រុកសង្កែ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តធុនធំនោះដឹកជ្រូកពេញ ហើយបានបើកទៅបុកទូរថភ្លើងទាំងកំរោល នៅពេលដែលរថភ្លើងកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវហាយវេ ខណៈដែលបារ៉ាស់រាំងផ្លូវរថភ្លើងត្រូវបានឆ្មាំទាញបិទទៅហើយ ។ រថយន្តនោះម៉ាកយីហាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3F 3307 បើកបរដោយឈ្មោះសីហា ខេត្ត អាយុ២៧ឆ្នាំ ។

បើពិនិត្យរូបភាពក្នុងកាមេរ៉ាសុវត្ថិភាព គេឃើញរថភ្លើងបានបើកស្ទើរផុតទៅហើយ ស្រាប់តែរថយន្តដឹកជ្រូកបើកស្លុយដោយមិនបានបន្ថយល្បឿនបន្តិចឡើយទៅបុកទូរថភ្លើងទាំងកំរោលពេញទំហឹងតែម្ដង ។ នៅកន្លែងកើតហេតុ គេឃើញក្បាលរថយន្តកំពិតរួញ រីឯកាប៊ីនរថយន្តរបើកធ្លាក់ចេញពីទូរថយន្តខ្ទាតធ្លាក់ទៅលើចិញ្ចើមថ្នល់ ខណៈមនុស្សចំនួន០៤នាក់ មានតៃកុង និងអ្នករួមដំណើរបានរងរបួសធ្ងន់ និងស្រាល ។

មន្ត្រីចរាចរណ៍បាននិយាយថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថភ្លើងនេះ ជាកំហុសភាគីរថយន្ត ដែលបើកបរខ្វះការប្រុងប្រយ័ត្ន ដែលទំនងជាងងុយដេកផង។ មន្ត្រីចរាចរណ៍បានបញ្ជាក់ថា ឆ្មាំរថភ្លើងបានទាញបារ៉ាស់បិទផ្លូវតាំងពីមុនពេលរថភ្លើងមកដល់ផ្លូវឆ្លងកាត់បន្តិច លុះរថភ្លើងមកដល់ ឆ្លងផ្លូវជិតផុតទូរថភ្លើងអស់ទៅហើយ ស្រាប់តែរថយន្តដឹកជ្រូកបើកស្លុយទៅបុកពេញទំហឹងតែម្ដង ។

មន្ត្រីចរាចរណ៍បានចុះត្រូតពិនិត្យ និងបាននាំយករថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នដើម្បីរង់ចាំដោះស្រាយតាមនីនិវិធី ខណៈភាគីរថភ្លើងត្រូវបានបន្តដំណើរ តែមានតំណាងរង់ចាំចូលខ្លួនដោះស្រាយដែរ ៕
ចែករំលែកព័តមាននេះ