ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​ភាគី​ថៃ​ ការ​ធ្វើ​ជម្រក​បណ្តោះអាសន្ន​សុទ្ធតែ​ជា​អ្នក​រង​គ្រោះ ក្នុង​គោលបំណង​ថែរក្សា​សន្តិសុខ សណ្តាប់​ធ្នាប់​​ និង​ដើម្បី​ជា​មធ្យោបាយ​ការពារ​ខ្លួន

5 ម៉ោង មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ ​អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់​លិខិត​ទៅ​អភិបាលខេត្ត​ស្រះ​កែវ​ថៃ​ថា​ ការ​ធ្វើ​ជម្រក​បណ្តោះអាសន្ន​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ថែរក្សា​សន្តិសុខសណ្តាប់ធ្នាប់​ និង​ដើម្បី​ជា​មធ្យោបាយ​ការពារ​ខ្លួន​ ។ លិខិត​របស់​ឯកឧត្តម អ៊ុំ រាត្រី​…

ខេត្តបន្ទាយមានជ័យ ៖ ​អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់​លិខិត​ទៅ​អភិបាលខេត្ត​ស្រះ​កែវ​ថៃ​ថា​ ការ​ធ្វើ​ជម្រក​បណ្តោះអាសន្ន​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ថែរក្សា​សន្តិសុខសណ្តាប់ធ្នាប់​ និង​ដើម្បី​ជា​មធ្យោបាយ​ការពារ​ខ្លួន​ ។

លិខិត​របស់​ឯកឧត្តម អ៊ុំ រាត្រី​ អភិបាល​ខេត្តបន្ទាយមានជ័យ​ដាក់​ទៅ​អភិបាលខេត្ត​ស្រះ​កែវ​ថៃ​ កាលពី​ថ្ងៃ​ទី​៨ តុលា ឆ្នាំ​២០២៥​ បាន​លើក​ឡើង​ថា ខ្ញុំ​សូម​ជម្រាប​ជូន ឯកឧត្តម​អភិបាល ខេត្ត​ស្រះ​កែវ នៃ​ព្រះរាជាណាចក្រ​ថៃជ្រាប​ថា ​ទីតាំង​ដែល​រដ្ឋបាល​ខេត្ត​ស្រះ​កែវ​បាន​តវ៉ា គឺ​ស្ថិតនៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​ទីតាំង​ខាងលើ​នេះ ប្រជាពលរដ្ឋកម្ពុជា​បាន​រស់នៅកាន់កាប់ និង​ប្រើប្រាស់​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ​ មុន​ការ​ចូល​ជា​ធរមាន​នៃ MOU ឆ្នាំ២០០០​ ។

ឯកឧត្តម​ថា ​ក្នុង​ន័យ​នេះ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ សូម​ធ្វើការ​បញ្ជាក់​ជូន​ថា ជម្រក
​បណ្តោះអាសន្ន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​នៅ​ក្នុង​តំបន់​នេះ​ក្នុង​ពេល មានការ​ប៉ះទង្គិច​នា​ពេល​កន្លង​មក និង​ដើម្បី​ជា​មធ្យោបាយ​ការពារ​ខ្លួន​ទប់ស្កាត់​ឧបទ្ទវហេតុ​នានា​។

ម្យ៉ាងវិញទៀត រដ្ឋបាល​ខេត្តបន្ទាយមានជ័យ សូម​បញ្ជាក់​ឡើង​វិញ​ថា ​សកម្មភាព​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមូលផ្តុំនៅ​តំបន់​ខាងលើ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ការពារ​ដីធ្លីស្រែ​ចម្ការ និង​ទ្រព្យសម្បត្តិ​ស្របច្បាប់​របស់ពួក​គាត់​តែ​ប៉ុណ្ណោះ​ ។

បន្ថែម​លើ​នេះ ប្រជាពលរដ្ឋ​ដែល​កំពុង​តាំងទី​លំនៅ​ក្នុង​ជម្រក​បណ្តោះអាសន្ន​ខាងលើ​នេះ គឺជាប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​សកម្មភាព​រាយ​លួស​បន្លាសំណាញ់​ខ្មៅ រនាំង និងដាក់​កង់​ឡាន ដែល​នាំ​ឱ្យ​ពួក​គាត់​បាត់បង់​ទីជម្រក​អចិន្ត្រៃយ៍ និង​ធ្វើការ​ភៀសខ្លួន​មក​ស្នាក់​នៅ​ក្នុង​ទីតាំងខាងលើ​ ។

ឯកឧត្តម​បន្ថែម​ថា​ បញ្ហា​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ភាព​ស្មុគស្មាញ និងការ​លំបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហាព្រំដែន​ដែល​ទាមទារ​ឱ្យ​មានការ​គោរព​កិច្ចព្រមព្រៀង​និង​គោលការណ៍​ទាំងឡាយ​ដែល​ភាគី​ទាំង​ពីរ​មានឯកភាព​គ្នា​កន្លង​មក​។

ទន្ទឹម​នេះ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​សូម​បញ្ជាក់​ជា​ថ្មី​ថា រដ្ឋបាល​ខេត្ត​យើង​ទាំង​ពីរ​មិន​មាន សមត្ថកិច្ច​កំណត់ព្រំដែន​ក្នុង​តំបន់​មិន​ទាន់​មានការ​ខណ្ឌសីមា​ព្រំដែន​រួចរាល់​នោះ​ទេ​។

 យោង​តាម​MOU ឆ្នាំ២០០០, កំណត់ហេតុ​កិច្ចប្រជុំ​ពិសេស​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) កាលពី ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ភាគី​ទាំង​សងខាង​បាន​ឯកភាព​រក្សា​ស្ថានភាព​ដដែល រហូត​ដល់​ការងារ ខណ្ឌសីមា​ព្រំដែន​ត្រូវ​បាន​បញ្ចប់​។

រដ្ឋបាល​ខេត្តបន្ទាយមានជ័យ សូម​ប្រកាន់​ជំហរ​គោរព​ទៅ​តាម​អ្វី​ដែល​ជា​ការ​ព្រមព្រៀង​គ្នា​រវាង ប្រទេស​ទាំង​ពីរ ពោល​គឺ​ត្រូវ​រង់ចាំ​លទ្ធផល​នៃ​កិច្ចប្រជុំ​JBC​។ ក្នុង​ន័យ​នេះ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង និង​រង់ចាំ​ដំណោះស្រាយ​របស់​JBC រដ្ឋបាល​ខេត្ត​យើង​ទាំង​ពីរ បន្ត​សម្របសម្រួល​ជាមួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នៅ​ទីតាំង​ផ្ទាល់​ប្រកប ដោយ​សន្តិវិធី រួម​បញ្ចូល​ទាំង​ការបញ្ឈប់​រាល់​សកម្មភាព ដែល​ពង្រីក​ទំហំ​វិវាទ និង​បង្កើន​ភាព​តានតឹង​។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​អភិបាលខេត្ត​ខេត្ត​ក៏សូមឯកឧត្តម​អភិបាលខេត្ត​ស្រះ​កែវ​ថៃ​ជ្រាប និង​សូម​អត់ធ្មត់ និង​រង់ចាំការ​ដោះស្រាយ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ ធ្វើការ​បញ្ចប់​លើ ការងារ​ខណ្ឌសីមា​ព្រំដែន ហើយ​នៅ​ក្នុងអំឡុងពេល​រង់ចាំ​នេះ សូម ឯកឧត្តម​អភិបាលខេត្ត មេត្តា ចូលរួម​សហការ​ក្នុង​ស្មារតី​មិត្តភាព និង​ភាព​ជា​អ្នក​ជិតខាង​ល្អ​ដើម្បី​ជៀសវាង​បង្កើត​ភាព​តានតឹង និងផល​ប៉ះពាល់​ជា​អវិជ្ជមាន​របស់​ភាគី​ទាំង​ពីរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ