ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​នៅ​UNអំពាវនាវ​ឱ្យ​អ្នករាយការណ៍​សិទ្ធិ​មនុស្សបង្ហាញ​ភាព​ក្លា​ហាន​​ទល់​នឹង​ការ​បំពាន​នៅ​តំបន់​ព្រំដែន

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្នុង​សម័យប្រជុំ​លើក​ទី​៦០​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៥ ​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​នៅ​UN អំពាវនាវ​ឱ្យ​អ្នករាយការណ៍​សិទ្ធិ​មនុស្ស​បង្ហាញ​ភាព​ក្លា​ហាន​ទល់​នឹង​ការ​បំពាន​នៅ​តំបន់​ព្រំដែន​ ។ ឯកឧត្តម…

រាជធានី​ភ្នំពេញ​ ៖ ក្នុង​សម័យប្រជុំ​លើក​ទី​៦០​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៥ ​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​នៅ​UN អំពាវនាវ​ឱ្យ​អ្នករាយការណ៍​សិទ្ធិ​មនុស្ស​បង្ហាញ​ភាព​ក្លា​ហាន​ទល់​នឹង​ការ​បំពាន​នៅ​តំបន់​ព្រំដែន​ ។

ឯកឧត្តម ឯកអគ្គរាជទូត អ៊ិ​ន តារា តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទី​ក្រុង​ហ្សឺ​ណែវ​បាន​ធ្វើ​បទ​អន្តរាគមន៍ ក្នុងអំឡុងពេល​អនុម័ត​សេចក្តីសម្រេច ស្តី​ពី​សេវា​ប្រឹក្សា និង​ជំនួយ​បច្ចេកទេស​សម្រាប់​កម្ពុជា ។

ក្នុង​បទ​អន្តរាគមន៍ ឯកឧត្តម​ឯកអគ្គរាជទូត​បាន​សម្តែង​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ជប៉ុន ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​មិន​ចេះ​នឿយហត់ ការ​ចូលរួម​ប្រកបដោយ​ភាព​ស្ថាបនា និង​ភាព​ជា​អ្នកដឹកនាំ​គំរូ​ក្នុង​នាម​ជា​អ្នក​តាក់តែង​សេចក្តីសម្រេច ដោយ​បាន​កត់​សម្គាល់ថា ការ​អត់ធ្មត់ យុត្តិធម៌ និង​ការ​ស្វែងរក​ការ​ឯកភាព​របស់​ជប៉ុន​ជា​ថ្មី​ម្តងទៀត​បាន​បង្កប់​នូវ​ខ្លឹមសារ​នៃ​ពហុភាគី​និយម និង​ការទូត​សហប្រតិបត្តិការ​ដែល​ទ្រទ្រង់​នូវ​សុចរិត​ភាព និង​ភាព​ជឿជាក់​នៃ​ក្រុមប្រឹក្សា​នេះ​។

ឯកឧត្តម ឯកអគ្គរាជទូត បាន​គូសបញ្ជាក់​បន្ថែម​ថា អស់​រយៈពេល​ជាង​បី​ទសវត្សរ៍​មក​ហើយ ដែល​កម្ពុជា​បាន​ចូលរួម​ដោយ​បើកចំហ និង​ជាប់លាប់​ជាមួយ​យន្តការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ និង​អ្នករាយការណ៍​ពិសេស​ប្រាំពីរ​រូប​ជា​បន្តបន្ទាប់ ដោយ​បញ្ជាក់​ជា​ថ្មី​ថា កិច្ច​សហ​ប្រតិ​បត្តិការ​នេះ​គឺជា​ការ​ប្តេជ្ញា​ចិត្ត មិនមែន​ជា​សម្បទាន​នោះ​ទេ ​។ អាណត្តិ​របស់​អ្នករាយការណ៍​ត្រូវ​ជួយ​មិន​ចោទប្រកាន់ ត្រូវ​ចូលរួម មិនមែន​ប្រឆាំង និង​ត្រូវ​ណែនាំ មិនមែន​វិនិច្ឆ័យ​ទេ ហើយ​ភាព​ជឿជាក់​ស្ថិត​នៅ​លើ​យុត្តិធម៌ ភាព​ត្រឹមត្រូវ និង​ការ​គោរព​ចំពោះ​បរិបទ​។

ជុំវិញ​ជម្លោះ​ប្រដាប់​អាវុធ​ដែល​កំពុង​បន្ត​ជាមួយ​ប្រទេស​ថៃ ឯកឧត្តម ឯកអគ្គរាជទូត​បាន​សង្កត់ធ្ងន់​ថា កាតព្វកិច្ច​របស់​អ្នករាយការណ៍​មិន​អាច​បញ្ចប់​ត្រឹមតែ​របាយការណ៍​នោះ​ទេ គឺ​ទាមទារ​ភាព​ក្លាហាន​ខាង​សីលធម៌ ដើម្បី​ប្រឈម​មុខ​នឹង​ការ​បំពាន​ច្បាប់​សិទ្ធិ​មនុស្ស និង​មនុស្សធម៌​ធ្ងន់ធ្ងរ ដែល​ប៉ះពាល់​ដល់​ជន​ស៊ី​វិល​កម្ពុជា និង​ទាហាន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​។

ឯកឧត្តម​បាន​លើក​ឡើង​ថា​ សកម្មភាព​បង្ខំ​ឱ្យ​ផ្លាស់​ទី​លំ ការ​ឡោម​ព័ទ្ធ​ភូមិ​ការ​រឹបអូស​ទ្រព្យសម្បត្តិ និង​ការ​បណ្តេញចេញ​ដោយ​បង្ខំ មិនមែន​ជា​រឿង​អរូបី​ទេ ប៉ុន្តែ​ជា​របួស​រស់នៅ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស និង​មនសិការ​របស់​ក្រុមប្រឹក្សា​។

ឯកឧត្តម​ឯកអគ្គរាជទូត​បាន​ព្រមាន​ថា ការ​នៅ​ស្ងៀម​ចំពោះ​ទុក្ខវេទនា​បែប​នេះ «​មិនមែន​ជា​អព្យា​ក្រឹតភាព​ទេ ប៉ុន្តែ​ការ​បោះបង់​តួនាទី ពោល​គឺជា​ការ​ស្ងៀមស្ងាត់​ដែល​បំផ្លាញ​ភាព​មិន​លំអៀង ឯករាជ្យ​ភាព និង​សុចរិត​ភាព​នៃ​អ្នក​កាន់​អណ្ត​ត្តិ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ