ខេត្តសៀមរាប ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីរបស់ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យការធ្វើសន្និធិឈើមូលចម្រុះ ស្ថិតនៅដីឡូត៍មួយកន្លែងក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលមានម្ចាស់ឈ្មោះ សាយ មេសា អាយុ៥៥ឆ្នាំ ។

ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅក្នុងដីឡូត៍ខាងលើ ។ លោកស្នងការរងបានបញ្ជាក់ថា ក្នុងករណីនេះកម្លាំងចម្រុះបានចាប់យកឈើមូលចម្រុះលេខ១ (ផ្ចឹកសុក្រំ ឈ្លីក ក្រឡាញ់ កកោះ) ចំនួន៤៩ដើមស្មើនឹង ៧,៨៩៧ម៉ែត្រគូប ដែលគ្មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញ ដើម្បីអនុវត្តតាមច្បាប់ ស្តីពីព្រៃឈើ ។

បច្ចុប្បន្ន ម្ចាស់ឈើខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី បន្តអនុវត្តតាមនីតិវិធី ។ ចំណែកវត្ថុតាងឈើទាំងអស់ ដែលសមត្ថកិច្ចធ្វើការដកហូត ប្រគល់ឱ្យរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី យកទៅរក្សាទុកនៅក្នុងភូមិសាស្ត្រ ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីអនុវត្តតាមច្បាប់ស្ដីពីព្រៃឈើ ៕






ចែករំលែកព័តមាននេះ