ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សង្កត់ធ្ងន់​ពី​ភាព​ចាំបាច់​នៃ​ការ​បង្កើន​សមត្ថភាព និង​បោះដៃ​សហការ​ជាស​កល ដើម្បី​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​សម្អាត​ប្រាក់

15 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ការ​ផ្អែក​លើ​ចំណេះដឹង​មូលដ្ឋាន​ដែល​មាន​ស្រាប់ និង​ការ​រុញ​បញ្ហា​ដោយ​ដាក់បន្ទុក​តែ​ទៅ​លើ​ភាគី ឬ​ប្រទេស​ណាមួយ ត្រូវ​បាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ…

រាជធានីភ្នំពេញ ៖ ការ​ផ្អែក​លើ​ចំណេះដឹង​មូលដ្ឋាន​ដែល​មាន​ស្រាប់ និង​ការ​រុញ​បញ្ហា​ដោយ​ដាក់បន្ទុក​តែ​ទៅ​លើ​ភាគី ឬ​ប្រទេស​ណាមួយ ត្រូវ​បាន​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចាត់​ទុក​ថា ជា​កត្តា​នាំ​ឱ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​អំពើ​លាង​សម្អាត​ប្រាក់ មិន​មាន​ប្រសិទ្ធភាព ​។

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ឆបោក និង​សម្អាត​ប្រាក់ រៀបចំ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​សង្កត់ធ្ងន់​ថា ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ជា​ទៀងទាត់ និង​ការ​បង្កើន​សមត្ថភាព​មន្ត្រី​ជំនាញ​ឱ្យទាន់​និន្នាការ​នៃ​បទល្មើស​ជា​ប្រចាំ គឺជា​រឿង​ចាំបាច់​បំផុត​ ។

ចាត់ទុកជា​រឿង​ចាំបាច់ ក៏​ព្រោះតែ​ប្រមុខ​ក្រសួងមហាផ្ទៃ កម្ពុជា មើលឃើញ​ពី​កា​រវិ​វត្ត​ឥត​ឈប់​ឈរ​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដែល​បាន​និង​កំពុង​ផ្សារ​ភ្ជាប់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូច​គ្នា​នឹង​មនុស្សជាតិ​ទូ​ទាំង​ពិភពលោក​ ។

បើ​តាម ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក្នុង​បរិបទ​នេះ ជនខិលខូច​មាន​លទ្ធភាព​ប្រព្រឹត្ត​អំពើ​ឆបោក លួច​បន្លំ តាម​គ្រប់​វិធីសាស្ត្រ ដោយ​ប្រើ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ឬ​តាម​បណ្ដាញ​អ៊ីនធឺណិត ចេញពី​ទីតាំង​គ្រប់កន្លែង​លើ​ពិភពលោក ដែល​បញ្ហា​នេះ​ទាមទារ​ចាំបាច់​នូវ​មន្ត្រី​មាន​សមត្ថភាព និង​ក៏​ទាមទារ​ជា​ចាំបាច់​ដែរ ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន និង​បទ​ពិសោធ​រវាង​ស្ថាប័ន​អនុវត្ត​ច្បាប់​នៃ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​។

ពី​វេទិកា​បើក​សិក្ខាសាលា​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​ក៏​កំពុង​ទទួល​រង​គ្រោះ​ដូច​សកលលោក​ដែរ និង​ក៏​ទទួល​បន្ទុក​ចូលរួម​ដោះស្រាយ​ករណី​សម្អាត​ប្រាក់ និង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​មិនមែន​ខិតខំ​សម្រាប់​តែ​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​បង្ការ ទប់ស្កាត់ និង​ជួយ​សង្គ្រោះ​មនុស្សជាតិ​នៅ​តាម​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​ផង​ដែរ​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត មិន​គាំទ្រ​ឡើយ​រាល់​ការ​ចង្អុលមុខ ឬ​ទម្លាក់​កំហុស តែ​ទៅ​លើ​ភាគី​ណាមួយ នៅ​ពេល​និយាយ​ពី​ផល​លំបាក​បង្ក​ឡើង​ដោយ​បទល្មើស​ទាំង​ពីរ​ប្រភេទ​នេះ​។

សូម​បញ្ជាក់​ថា សិក្ខាសាលា​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ឆបោក និង​សម្អាត​ប្រាក់ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​រៀបចំ​ឡើង ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​វាគ្មិន​សំខាន់​ពីរ​រូប​មក​ពី​ប្រទេស​សិង្ហ​បុរី និង​សហរដ្ឋ​អាម៉េរិក​។ វាគ្មិន​ទាំង​ពីរ រួម​មាន លោក​វរសេនីយ៍ឯក ហូ បាន ស្យុ​ង (Ho ban Hsiung) ប្រធាន​អង្គភាព​ប្រឆាំង ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​សិង្ហ​បុរី នៃ​នាយកដ្ឋាន​កិច្ចការ​ធុរកិច្ច​ពាណិជ្ជកម្ម និង​លោកស្រី ជូ​លា ស្ទេ​វិ​ន (M. Julia Stevens) ប្រធាន​ការិយាល័យ​អនុព័ន្ធ​ច្បាប់ (FBI) អម​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ