ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តសៀមរាប​ ប្រកាសហាម​បញ្ជាក់ការដឹងឮ លើឯកសារដីធ្លីជនជាតិដើមភាគតិចសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ

12 ម៉ោង មុន

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសហាមឃាត់ការបញ្ជាក់ដឹងឮ លើឯកសារដីធ្លីជនជាតិដើមភាគតិចសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ​ ដែលជាការអនុវត្តផ្ទុយពីបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នៅ​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះបានឱ្យដឹងថាកាលពីម្សិលមិញ រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំផ្សព្វផ្សាយនូវវិធានការហាមឃាត់របស់ក្រសួងមហាផ្ទៃ…

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសហាមឃាត់ការបញ្ជាក់ដឹងឮ លើឯកសារដីធ្លីជនជាតិដើមភាគតិចសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ​ ដែលជាការអនុវត្តផ្ទុយពីបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប នៅ​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះបានឱ្យដឹងថាកាលពីម្សិលមិញ រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំផ្សព្វផ្សាយនូវវិធានការហាមឃាត់របស់ក្រសួងមហាផ្ទៃ ចំពោះការបញ្ជាក់ដឹងឮ ឬការយល់ព្រមលើឯកសារពាក់ព័ន្ធនឹងអត្តសញ្ញាណដីធ្លីរបស់សមាជិក ឬសហគមន៍ជនជាតិដើមភាគតិច សម្រាប់ធ្វើជាឯកសារទិញ លក់ បញ្ចាំ ឬសម្រាប់បម្រើដល់ប្រតិបត្តិការហិរញ្ញវត្ថុនានា ដឹកនាំដោយ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក អ៉ឹង​ គឹមលាង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកសារ គោលនយោបាយចុះបញ្ជីដីធ្លី និងសិទ្ធិប្រើប្រាស់ដីសហគមន៍ជនជាតិដើមភាគតិច បានចាត់ទុក “ការចុះបញ្ជីដីធ្លីជូនសហគមន៍ជនជាតិដើមភាគតិច គឺជាការធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កលទ្ធភាពឱ្យសហគមន៍បានប្រើប្រាស់ដីកាន់តែមានផលិតភាពខ្ពស់”។

លោកបានបន្តថា កន្លងមកក្រសួងមហាផ្ទៃបានសង្កេតឃើញថា អាជ្ញាធរមូលដ្ឋានមួយចំនួន បានធ្វើការបញ្ជាក់លើឯកសារពាក់ព័ន្ធនឹងអត្តសញ្ញាណដីធ្លីសមូហភាពរបស់សហគមន៍ជនជាតិដើម ភាគតិច សម្រាប់ធ្វើជាឯកសារទិញ លក់ បញ្ចាំ ឬសម្រាប់បម្រើដល់ប្រតិបត្តិការហិរញ្ញវត្ថុនានា ដែលសកម្មភាពទាំងនេះបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច និងជាការអនុវត្តផ្ទុយពីបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។

លោកបានសង្កត់ធ្ងន់ថា ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ក្រសួងមហាផ្ទៃបានណែនាំដល់រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ត្រូវបញ្ឈប់រាល់ការបញ្ជាក់ដឹងឮ ឬយល់ព្រមលើឯកសារទិញ លក់ ជួល ឬឯកសារផ្ទេរដីធ្លីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច ជាពិសេសចំពោះសហគមន៍ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃរួចហើយ។

លោកអភិបាលរងខេត្ត ក៏បានជំរុញដល់សមាជិកអង្គប្រជុំទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយខ្លឹមសារលិខិត ២៨០៨ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ ឱ្យបានទូលំទូលាយដល់គ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ព្រមទាំងតាមដានត្រួតពិនិត្យការអនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាព។

តាមការបញ្ជាក់របស់លោក សឿ សីហរិទ្ធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានឱ្យដឹងថា ក្នុងខេត្តសៀមរាប មានជនជាតិភាគតិចកួយ រស់នៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ចំនួន ៧ភូមិ ស្មើនឹង ១៧៩គ្រួសារ ក្នុងនោះមាន ៥ភូមិទទួលស្គាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ និង ២ភូមិទៀតជាភូមិឧបសម្ព័ន្ធ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ