ខេត្តកំពង់ចាម ៖ ស្រុកចំនួន៨ ក្នុងខេត្តកំពង់ចាម រងផលប៉ះពាល់ដោយសារជំនន់ទឹកទន្លេមេគង្គខេត្តកំពង់ចាម ។ នេះបើយោងតាមផេករដ្ឋបាលខេត្តកំពង់ចាមបានប្រកាសនាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ។

នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី០៨ ខែតុលាឆ្នាំ២០២៥ ស្ថិតនៅក្នុងសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ឆ្នាំ២០២៥នេះ ទឹកជំនន់ទន្លេមេគង្គមានការហក់ឡើង៣ដង រហូតដល់កម្ពស់១៤,៥០ម៉ែត្រ ស្ថានភាពបែបនេះ ធ្វើឱ្យខេត្តកំពង់ចាមយើងរងនូវការប៉ះពាល់ចំនួន០៨ស្រុក ស្មើនឹង៤៧ឃុំ ដែលបណ្តាលឱ្យរងផលប៉ះពាល់ ស្មើនឹងចំនួន ៤.៨៨៤គ្រួសារ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន៣.១៤០ខ្នង វត្តចំនួន០៩កន្លែង សាលារៀនចំនួន១២ខ្នង មណ្ឌលសុខភាពចំនួន០១កន្លែង វិហារឥស្លាម០១កន្លែង និងជម្លៀសប្រជាពលរដ្ឋជម្លៀសមកទីទួលសុវត្ថិភាព ចំនួន៦២គ្រួសារ ស្មើនឹង ២៤១នាក់ ។

ដោយឡែកនៅថ្ងៃនេះដែរ យោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះ ទឹកទន្លេបានស្រកចុះបន្តិចទៀត ត្រឹមកម្ពស់១៤,១២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេស្រកកម្ពស់០,១៨ម៉ែត្រ ។

ដោយឡែក កម្ពស់ទឹកនាពេលនេះ ធៀបទៅឆ្នាំ២០២៤ ទឹកទន្លេមានកម្ពស់១១,០២ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ ។ ដោយឡែក ចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញ គឺមានភ្លៀងធ្លាក់តិច ឬច្រើននៅស្រុក/ក្រុងទាំង១០នៃខេត្តកំពង់ចាម ៕
ចែករំលែកព័តមាននេះ