ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ន័​រវេ​ស​ផ្តល់​ថវិកា​ចំនួន​១២​លាន​ដុល្លារ​អា​​​មេ​រិ​ក សម្រាប់​គាំទ្រ​វិស័យ​សកម្មភាព​មីន​រយៈ​ពេល​០៣​ឆ្នាំ​នៅ​កម្ពុជា

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​ន័​រវេ​ស​ផ្តល់​ថវិកា​ចំនួន​១២​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គាំទ្រវិស័យ​សកម្មភាព​មីន​រយៈពេល​០៣​ឆ្នាំ (២០២៥-២០២៧) ។ ការ​ផ្តល់​ជំនួយ​នេះ​ក្នុង​ជំនួប​ជាមួយ​រវាង​​លោក​ជំទាវ Astrid Emilie Helle…

រាជធានី​ភ្នំពេញ ៖ ប្រទេស​ន័​រវេ​ស​ផ្តល់​ថវិកា​ចំនួន​១២​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គាំទ្រវិស័យ​សកម្មភាព​មីន​រយៈពេល​០៣​ឆ្នាំ (២០២៥-២០២៧) ។ ការ​ផ្តល់​ជំនួយ​នេះ​ក្នុង​ជំនួប​ជាមួយ​រវាង​​លោក​ជំទាវ Astrid Emilie Helle ឯកអគ្គរាជទូត​ន័​រវេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ឯកឧត្តម​បណ្ឌិត លី ធុ​ជ ទេស​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន កាលពី​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៥ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ។

តាង​នាម​ឱ្យ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម លី ធុ​ជ បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ន័​រវេ​ស ដែល​បន្ត​គាំទ្រ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា និង​ផ្តល់​ថវិកា​ចំនួន​១២​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​រយៈពេល​០៣​ឆ្នាំ ២០២៥-២០២៧​។

ឯកឧត្តម លី ធុ​ជ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​គាំទ្រ​របស់​ប្រទេស​ន័​រវេ​ស និង​ចាត់​ទុក​ប្រទេស​ន័​រវេ​ស​មិន​ត្រឹម​ជា​អ្នក​ផ្តល់​ជំនួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ដៃគូ​ពិត​របស់​កម្ពុជា​អស់​រយៈពេល​ជាង​៣​ទស​វត្សរ៍ ហើយ​បាន​និង​កំពុង​ឈរ​ជាមួយ​កម្ពុជា​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម រួម​មាន​ទាំង​ការ​បោសសម្អាត​មីន ការ​គ្រប់គ្រង​ទិន្នន័យ ការ​កសាង​សមត្ថភាព និង​ការ​សិក្សា​ស្រាវជ្រាវ​ជាដើម និង​ជួយ​គាំទ្រ​កម្ពុជា​ធ្វើ​ជា​ប្រធាន​និង​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​អំពី​សមិទ្ធផល​សម្រេច​បាន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ដោយ​ផ្ទៃដី​រាប់​ម៉ឺន​ហិ​កតា ត្រូវ​រំដោះ​ចេញពី​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដោយ​មានការ​រួមចំណែក​គាំទ្រ​ពី​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍ​ប្រតិបត្តិ​ករ​បោសសម្អាត​មីន និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ក្នុង​នោះ​ប្រទេស​ន័​រវេ​ស​គឺជា​ដៃគូ​លេចធ្លោ​មួយ​យ៉ាង​សំខាន់​។

ជាង​នេះ​ទៅ​ទៀត ឯក​ត្តម​បណ្ឌិត លី ធុ​ជ បាន​គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​ចក្ខុវិស័យ​ដឹកនាំ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ឆ្ពោះទៅ​រក​កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ។ សម្តេច​ធិ​បតី​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ និង​ចាត់​ទុក​វិស័យ​សកម្មភាព​មីន ជា​បេះដូង​នៃ​ការ​អភិវឌ្ឍន៍ និង​កិច្ចការ​មនុស្សធម៌​របស់​កម្ពុជា ។

ឯកឧត្តម លី ធុ​ជ បញ្ជាក់​ទៀត​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ សម្តេច​ធិ​បតី​ចង់ឱ្យ​តំបន់​ព្រំដែន​ក្លាយជា​តំបន់​សន្តិភាព​។ លោក​ជំទាវ Astrid Emilie Helle បាន​ថ្លែងអំណរគុណ​ចំពោះ​ភាព​ជា​ដៃគូ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​កោតសរសើរ​ចំពោះ​សមិទ្ធផល​សម្រេច​បាន​ក្នុង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ក៏​ដូច​ជា​ភាព​ជោគជ័យ​ក្នុង​ភាព​ជា​ប្រធាន និង​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​ស្តី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ ។

លោក​ជំទាវ​ឯកអគ្គរាជទូត​បាន​គូសបញ្ជាក់​ថា ប្រទេស​ន័​រវេ​សនឹង​បន្ត​គាំទ្រ​ដល់​សកម្មភាព​មីន​នៅ​កម្ពុជា រហូត​ដល់​កម្ពុជា​អាច​សម្រេច​នូវ​គោលដៅ​របស់​ខ្លួន គឺ​គ្មាន​ផល​ប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ។

ជាមួយ​គ្នា​នោះ លោក​ជំទាវ Astrid Emilie Helle បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ផល​លំបាក​ដែល​កើត​មាន​ឡើង​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​កម្ពុជា​-​ថៃ កន្លង​ទៅ​នេះ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ របួស និង​មាន​ជនភៀសសឹក​រាប់​ម៉ឺន​គ្រួសារ​ត្រូវ​ចាក​ចេញពី​លំនៅ​ដ្ឋា​ន ព្រមទាំង​ជូនពរ​ឱ្យ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ទទួល​បាន​សន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ