ខេត្តព្រៃវែង : នៅរសៀលថ្ងៃទី០៦តុលា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន អមដំណើដោយគណៈប្រតិភូក្រសួង និងអាជ្ញាធរខេត្តព្រៃវែង បានចុះពិនិត្យមើលកំណាត់ផ្លូវក្រាលកៅស៊ូខេត្តលេខ ៣៨៣បេ ត្រង់ចំណុច គ.ម ០៤+០០០ ដល់ ចំណុច គ.ម ១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ភូមិមេសរប្រចាន់លើ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលត្រូវទឹកជំនន់ហូរច្រោះបាក់ដាច់ទាំងស្រុង កាលពីយប់ថ្ងៃទី 5 ឈានចូលព្រឹកថ្ងៃទី 6 តុលា។
លោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង បានឲ្យដឹងថា ក្នុងពេលចុះត្រួតពិនិត្យនេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានណែនាំឲ្យមន្ត្រីជំនាញក្រសួង និងមន្ទីរសាធារណៈការខេត្តចុះសិក្សាពីផលប៉ះពាល់ នៅលើកំណាត់ផ្លូវនេះ ហើយលើកគំរោង ដើម្បីធ្វើការជួសជុលកែលម្អផ្លូវនេះឡើងវិញ នៅពេលដែលទឹកស្រកអស់។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែងគិតត្រឹមថ្ងៃទី 6 តុលានេះ ទឹកជំនន់បានជន់លិចខេត្តព្រៃវែងចំនួន ៧ស្រុក ស្មើនឹង៤៤ឃុំ ក្នុងនោះ ស្រុកស៊ីធរកណ្ដាល ចំនួន៨ឃុំ ស្រុកពាមជរ ចំនួន៩ឃុំ ស្រុកកំពង់ត្របែក ចំនួន៣ឃុំ ស្រុកំចាយមារ ចំនួន ១ឃុំ ស្រុកពាមរក៍ ៨ឃុំ ស្រុកពោធិ៍រៀង ៦ឃុំ និងស្រុកពារាំង ៩ឃុំ ។
ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរខេត្ត និងអាជ្ញាធរគ្រប់ក្រុង-ស្រុក ជាពិសេសបណ្តាឃុំសង្កាត់ ដែលប្រឈម នឹងគ្រោះទឹកជំនន់ បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិត្តន៍នៃស្ថានភាពនេះ និងបានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ឲ្យត្រៀម បង្កាគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើង ជាពិសេសត្រៀមលក្ខណៈសម្បត្តិក្នុងការជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន ក្នុងករណីស្ថានភាពទឹកនៅតែបន្តជន់ឡើង។ជាមួយនេះ អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ ក៏បានត្រៀមលក្ខណៈ សម្រាប់ធ្វើការអន្តរាគមន៍ជួយសង្គ្រោះ និងឆ្លើយតបឲ្យបានទាន់ពេលវេលាផងដែរ ៕






ចែករំលែកព័តមាននេះ