រាជធានីភ្នំពេញ ៖ អាជ្ញាធរមីនបានប្រកាសដល់បងប្អូនជនរួមជាតិឱ្យបានជ្រាបថា ថ្មីៗនេះ គម្រោងបោសសម្អាតមីនដែលអាជ្ញាធរមីន តាងនាមឱ្យរាជរដ្ឋាភិបាលប្រគល់ជូនកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គភាពស៊ីម៉ាក់ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដោះមីនក្នុងទំហំផ្ទៃដីមានមីនចំនួនជាង ៤១គីឡូម៉ែត្រការ៉េ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ គឺធ្វើឡើងនៅតំបន់ដែលមានប្រជាពលរដ្ឋខ្មែររស់នៅ ដើម្បីបម្រើផលប្រយោជន៍ប្រជាជនកម្ពុជា និងស្ថិតក្នុងភូមិ ឃុំ ស្រុក ក្នុងខេត្ត មិនជាប់ឬមិននៅជិតនឹងតំបន់ព្រំដែនកម្ពុជា-ថៃទេ ។

គម្រោងបោសសម្អាតមីននេះ រាជរដ្ឋាភិបាល មានផែនការបោសសម្អាតជាយូរឆ្នាំមកហើយ មិនពាក់ព័ន្ធសោះឡើយនឹងសំណូមពររបស់ភាគីថៃ និងតំបន់ព្រំដែនកំពុងមានជម្លោះរវាងកម្ពុជា-ថៃទេ ។
គម្រោងបោសសម្អាតមីននេះ គាំទ្រដល់គោលបំណងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការផ្តល់ដីសុវត្ថិភាព ផ្តល់ក្តីសង្ឃឹម ការកសាងឡើងវិញនូវសហគមន៍និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា និងដើម្បីអនាគតមួយកាន់តែប្រសើរឡើងរបស់ប្រជាជនកម្ពុជាយើង ៕
ចែករំលែកព័តមាននេះ