ប្រទេសចិន ៖ ព្យុះទីហ្វុង ឈ្មោះMATMO មានកម្លាំងខ្យល់ដល់ល្បឿនជាង១៥០គីឡូម៉ែត្រក្នុង១ម៉ោង ញ៉ាំងឲ្យមានការជម្លៀសមនុស្សចេញច្រើនរយពាន់នាក់ នៅភាគខាងត្បូងចិន ។ បណ្ដាសារព័ត៌មានចិនរាយការណ៍ នាថ្ងៃទី៥តុលា ថា ព្យុះនោះបានបោកបក់មកដល់ឆ្នេរសមុទ្រខេត្តក្វាងទុងហើយ។

ព្យុះនោះបោកបក់មកដល់ដែនដីក្នុងទីក្រុងZHANJIANG នាថ្ងៃទី៥ តុលា វេលាម៉ោង១៤និង៥០នាទីម៉ោងក្នុងស្រុក ។ តាមទូរទស្សន៍រដ្ឋចិនCCTVថា ព្យុះនោះបង្កើនកម្លាំងដល់កម្រិតខ្ពស់នាព្រឹកថ្ងៃទី៥ តុលា នោះ។ ជាការប្រុងប្រយ័ត្ន មនុស្សជាង១៩៧.០០០នាក់ ត្រូវបានជម្លៀសចេញនាវេលាថ្ងៃត្រង់ថ្ងៃទី៥ តុលា នោះ នៅកោះហៃណាន់ និង១៥០.០០០នាក់ នៅខេត្តក្វាងទុង ។
បណ្ដាមធ្យោបាយដឹកជញ្ជូនសាធារណៈ បណ្ដាការដ្ឋាន និងហាងនានាក៏ត្រូវផ្អាកដែរ ក្នុងទីក្រុងជាប់ឆ្នេរសមុទ្រជាច្រើន ដូចជាក្រុងហៃគូ វេនចាង សាន់ជាំងនិងម៉ៅមិញ។ ទីក្រុងបីហៃកុងខេត្តក្វាងស៊ី ក៏ប្រកាសនាថ្ងៃទី៥តុលាផ្អាកជាបន្តបន្ទាប់ ការងារក្នុងផ្នែកដឹកជញ្ជូននិងតាមសាលារៀន។
ទូរទស្សន៍រដ្ឋចិនCCTVក៏រាយការណ៍ដែរ ពីរលកធំៗដែលបង្ករួចហើយនាថ្ងៃទី៥តុលានូវកម្ពស់ទឹកសមុទ្រក្នុងកំពង់ផែម៉ៅមិញ ដែលនាំឲ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។ តាមផ្នែកឧតុនិយមចិនថា ព្យុះនោះចុះថយកម្លាំងជាបន្ទាប់ក្រោយបោកបក់លើដែនដី តែភ្លៀងធ្លាក់ខ្លាំងនិងខ្យល់ខ្លាំង អាចមាននៅហៃណាន់នាថ្ងៃទី៦តុលាព្រមទាំងក្នុងផ្នែកមួយចំនួននៃខេត្តក្វាងទុងនិងខេត្តក្វាងស៊ី ៕
ចែករំលែកព័តមាននេះ