ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍ហិង្សាមួយបានកើតឡើង កាលពីវេលាម៉ោង២ និង២០ នាទីរំលងអាធ្រាត្រថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិពូរ៉ាដែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយសារតែជនសង្ស័យមានកំហឹងរឿងបំណុលចំនួន១០ម៉ឺនរៀល បានប៉ុនប៉ងធ្វើឃាតលើជនរងគ្រោះវ័យចំណាស់ម្នាក់ជាម្ចាស់លុយ ។

ជនរងគ្រោះឈ្មោះ សុខ ប៊ុនរឿន ភេទស្រី អាយុ៧៥ឆ្នាំ ជាកសិករ បានបញ្ជាក់ប្រាប់សមត្ថកិច្ចមូលដ្ឋានថា ពេលកំពុងសម្រាកលង់លក់ក្នុងដំណេក ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណបានចូលមក។ ជននោះបានបោចសក់រហូតដល់មានចេញឈាមដោយសារក្រចកមុត និងបានប្រើដៃម្ខាងទៀត លូកចូលមាត់ ក្នុងបំណងមិនឱ្យស្រែក។ ជនរងគ្រោះក៏បានស្រែកខ្លាំងៗថា «ពុទ្ធោ! ពុទ្ធោ!» ធ្វើឱ្យជនសង្ស័យមានការភ័យខ្លាចអ្នកជិតខាងជួយ ក៏បានរត់គេចខ្លួនចេញទៅបាត់ទៅ។
ក្រោយពីទទួលបានចម្លើយ និងការស្រាវជ្រាវបន្ថែម ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី សមត្ថកិច្ចបានកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជ្រើស សីលា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ជនសង្ស័យរូបនេះបានសារភាពថា នៅល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ខ្លួនបានផឹកស្រាបៀរអស់កន្លះកេស ។ មកដល់ម៉ោង១:៣០នាទីរំលងអធ្រាត្រ ខ្លួនបានភ្ញាក់ពីដំណេក ហើយនឹកឃើញជនរងគ្រោះដែលបានទារប្រាក់១០ម៉ឺនរៀល ដែលខ្លួនជំពាក់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារតែកំហឹងរឿងទារប្រាក់នេះ ខ្លួនក៏បានដើរទៅផ្ទះជនរងគ្រោះដែលមានចម្ងាយប្រហែល៣០០ម៉ែត្រ ដោយបានយកខ្សែអង្រឹងដាក់តាមខ្លួនក្នុងបំណងសម្រាប់ទាក់ឆ្កែ។

ជនសង្ស័យបានលូនចូលតាមប្រឡោះរបង និងបានកាច់មែកខ្នុរធ្វើទំពក់ ដើម្បីទាញគន្លឹះទ្វារចូលទៅក្នុងផ្ទះ។ ក្រោយពេលចូលដល់ផ្ទះ ជនរងគ្រោះបានបើកភ្នែកឃើញក៏ស្រែកថា «ចោរ!» ធ្វើឱ្យជនសង្ស័យ រត់ចូលទៅយកភួយខ្ទប់មាត់ និង បោចសក់ជនរងគ្រោះខ្ទប់នឹងពូកលើគ្រែ។បន្ទាប់មក ខ្លួនក៏បានរត់ទៅ បិទបារ៉ែតភ្លើង ដោយភ័យខ្លាចអ្នកជិតខាងដឹង ហើយក៏រត់ចេញទៅផ្ទះវិញបាត់ទៅ។ ជនសង្ស័យបានបញ្ជាក់ថា គោលបំណងនៃការទៅផ្ទះជនរងគ្រោះគឺ គ្រាន់តែខឹងចង់វាយឱ្យបាត់ខឹង មិនមែនមានបំណងសម្លាប់នោះទេ។

បច្ចុប្បន្ន វត្ថុតាងមួយចំនួនត្រូវបានរឹបអូស និងជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី
ច្បាប់៕
ចែករំលែកព័តមាននេះ