ខេត្តស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់កម្លាំងកងរាជអាវុធហត្ថខេត្ត ដើម្បីអញ្ជើញតំណាងបណ្ដាក្រុមហ៊ុនកម្ចីលុយរាប់ ដែលមានទីតាំងក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង ដោយភ្ជាប់មកជាមួយឯកសារច្បាប់ដើម ពាក់ព័ន្ធដែលក្រុមហ៊ុនមានសម្រាប់ផ្ទៀងផ្ទាត់លក្ខណៈច្បាប់ ។ សូមរំលឹកថា៖ មានអាជីវកម្មរកស៊ីរាប់លុយខុសច្បាប់ច្រើនកន្លែងនៅខេត្តស្ទឹងត្រែង

ក្រោយទទួលបទបញ្ជាពីអភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សេងសុភាព បានបញ្ជាឲ្យ
មន្ត្រីក្រោមឱវាទអញ្ជើញតំណាងក្រុមហ៊ុនកម្ចីលុយរាប់ទាំងនោះ មកកាន់ទីបញ្ជាការកង
រាជអាវុធហត្ថ កាលពីព្រឹកថ្ងៃទី២ តុលា ២០២៥ តាមស្មារតីរបស់លោកអភិបាលខេត្តឱ្យបញ្ឈប់សកម្មភាពយកការប្រាក់ហួសកម្រិត ការទទួលវត្ថុបញ្ចាំម៉ូតូ ឡាន គ្មានឯកសារគ្រប់គ្រាន់ ជាពិសេស គឺការទាមទារឲ្យអតិថិជនដាក់បញ្ចាំអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រកំណើតដែលជាច្បាប់ដើម ។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក្នុងករណីគាត់មិនបញ្ឈប់សកម្មភាពនោះទេ សមត្ថកិច្ចនឹងអនុវត្តវិធានការផ្លូវច្បាប់ តែក្នុងករណីគាត់ចង់បន្តអាជីវកម្មនេះទៀត គាត់ត្រូវតែអនុវត្តតាមគោលការណ៍ណែនាំ និងច្បាប់ជាធរមាន ។ នាថ្ងៃទីព្រឹកថ្ងៃទី២ តុលា២០២៥ តំណាងក្រុមហ៊ុនកម្ចីលុយរាប់ចំនួន៩ បានចូលខ្លួនតបតាមការអញ្ជើញរបស់កងរាជអាវុធហត្ថក្រោមការសម្របសម្រួលពីព្រះរាជាណារងអមសាលាដំបូងខេត្ត។

តាមការពិនិត្យផ្ទៀងផ្ទាត់អាវុធហត្ថបញ្ជាក់ថា មានក្រុមហ៊ុនមួយចំនួនពុំមានច្បាប់ និងមួយចំនួនទៀតមានច្បាប់ នៅទីតាំងអាសយដ្ឋានខេត្តផ្សេង តែមកដាក់ស្នាក់ការឈរជើងក្នុងខេត្តដោយមិនមានការចូលរួមសហការពីរអាជ្ញាធរមូលដ្ឋាន ។
គួរបញ្ជាក់ថា ក្រុមហ៊ុនទាំងនេះ ប្រតិបត្តិការដាក់កម្ចីលុយជារាប់ប្រចាំថ្ងៃ និងប្រចាំសប្តាហ៍ គឺតម្រូវឲ្យអតិថិជនដាក់តម្កល់សំបុត្របញ្ជាក់កំណើត(ហ្ស៊ីន) អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅគ្រួសារថតចម្លង ឬកាតគ្រីម៉ូតូឡានជាដើម ។ របាយការណ៍បច្ចុប្បន្នភាពអាជីវកម្មបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានក្នុងខេត្តស្ទឹងត្រែងគ្រប់គ្រងដោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ មានពីរប្រភេទ ១-អាជីវកម្មទទួលបញ្ចាំខ្នាតតូចទំហំទឹកប្រាក់៥០លាន និង២-អាជីវកម្មទទួលប្រាតិភោគដោយអនុប្រធានខ្នាតតូចទំហំទឹកប្រាក់២៥លាន ។

មានចំនួន៥ទីតាំង រួមមាន៖ ១-សហគ្រាស នៅ សុខឆេង ផ្ទះលេខ១៤៣ ផ្លូវលេខ៦៣ ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ២-សហគ្រាស អិន ធី អេស (ខេមបូឌា)ឯ.ក ផ្ទះលេខ២៥៤ ផ្លូវលេខ១៤ ភូមិស្ពានថ្មសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ៣-សហគ្រាសហាងបញ្ចាំ ពន្លឺរស្មីទេព ផ្ទះលេខ៤៩ ផ្លូវលេខ៦១ ភូមិត្រពាំងព្រីងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ៤-សហគ្រាស ហាងបញ្ចាំ ចែសរ ផ្ទះលេខNo ផ្លូវលេខ៥៧ ភូមិកណ្ដាលសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ៥-សហគ្រាស យូស៊ីនយុ ផន សប ស្ទឹងត្រែង ផ្ទះលេខ៧២ ផ្លូវលេខ៧ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ប្រធានធនាគារជាតិកម្ពុជាខេត្តស្ទឹងត្រែងលោក ញ៉ែត នុត បានបញ្ជាក់ដែរថា សម្រាប់នៅសាខាខេត្តស្ទឹងត្រែងខាងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាសរុបទាំងអស់១៦កន្លែង អញ្ចឹងការរៀបរាប់អំពីការខ្ចីប្រចាំថ្ងៃប្រចាំអាទិត្យអីហ្នឹងមិនមែនជាគ្រឹះស្ថានដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាទេ ។

ប្រជាពលរដ្ឋនៅភូមិរាជានុកូលសង្កាត់ស្ទឹងត្រែង និងភូមិកាំងមេម៉ាយ សង្កាត់ស្ទឹងត្រែង សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ស្រដៀងគ្នាថា៖ ក្រុមកម្ចីទាំងនោះបានមកដល់ផ្ទះនិងសាក សួរអំពីមុខរបរអាជីវកម្ម ហើយទម្លាក់លុយឲ្យខ្ចីក្នុងលក្ខខណ្ឌងាយៗ ទំហំចាប់ពី៥០ម៉ឺនរៀលរហូតដល់១លានរៀល ដោយទាមទារតម្កល់សំបុត្របញ្ជាក់កំណើត(ហ្ស៊ីន)ក្នុងសមា ជិកគ្រួសារមួយណា ក៏បានឲ្យតែទំនេរ រីឯអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅគ្រាន់តែថតចម្លងប៉ុណ្ណោះ។
ពួកគាត់បានបន្ថែមថា ក្នុងការព្រមព្រៀងកម្ចីក្រុមហ៊ុនកាត់ប្រាក់ជាច្រើន ឧទាហរណ៍ ខ្ចី១ លានរៀល ត្រូវដកប្រាក់ចំនួន១០ម៉ឹនរៀល សម្រាប់តម្កល់ទុកនៅពេលបង់ដាច់អាចដកវិញបាន កាត់ទៅលើសេវារដ្ឋបាលផ្សេងៗចន្លោះពី៦ម៉ឹនរៀលដល់១២ ទៅ១៣ម៉ឺនរៀលបន្ថែម តាមទម្រង់កម្ចីច្រើនបែបតាមគោលការណ៍របស់ក្រុមហ៊ុននីមួយៗនិងបង់សង់ត្រឡប់ក្នុងមួយថ្ងៃចន្លោះពី៣.៥០០០រៀល ទៅដល់៤០.០០០រៀល ទៅតាមរយៈកម្ចី ។

ជួបសំណេះសំណាលតាមរយៈទូរស័ព្ទជាមួយក្រុមបុគ្គលិកកម្ចីលុយរាប់ទាំងនោះ បានបញ្ជាក់ថា គោលការណ៍របស់ក្រុមហ៊ុនបច្ចុប្បន្នមិនអាចទម្លាក់ទុនបានច្រើននោះទេ គឺអាចផ្ដល់បានចន្លោះពី៥០ម៉ឺនរៀលដល់១លានរៀលប៉ុណ្ណោះ មូលហេតុដែលក្រុមហ៊ុនចេញគោលការណ៍បែបនេះ គឺដោយសារអ្នកកម្ចីមួយចំនួនពុំមានលទ្ធភាពបង់ទៀងទាត់ហើយរត់គេចខ្លួនបាត់ពីផ្ទះច្រើន ។ ចំណែកពាក់ព័ន្ធទៅនឹងឯកសារក្រុមហ៊ុនតម្រូវឲ្យអតិថិជនតម្កល់សំបុត្របញ្ជាក់កំណើត(ហ្ស៊ីន)អត្តសញ្ញាណប័ណ្ណសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅថតចម្លង ឬបញ្ចាំជាកាតគ្រីម៉ូតូឡានជាដើម ។
យោងតាមប្រភពព័ត៌មានឲ្យដឹងថា ក្រុមហ៊ុនអាជីវកម្មលុយរាប់ខាងលើ នៅក្នុងទីរួមខេត្តអាចមានចន្លោះចាប់ពី២០ ទៅ៤០ទីតាំងតែគោលដៅជាក់ស្តែងដែលគេរកឃើញមាន១៩ ទីតាំង និង៧ទីតាំងផ្សេងទៀត បុគ្គលិកក្រុមហ៊ុនអាជីវកម្មនេះមិនឆ្លើយបង្ហាញ។

ក្រុមហ៊ុនអាជីវកម្មទាំងនោះ មានឈ្មោះដូចជា៖១.មាតុភូមិ២.ប៊េសហ្វាយនែន ៣.គង់ សុខា ៤.ហ្គោលដិនទ្រី ៥.មានសិរីផន ៦.អេស៊ីត ៧.ប្រសិទ្ធភាព ៨.កាក់ ៩.កណ្ដៀវ ១០.អិល ឌី ១១.អឹម ផ្លឹសគ្រុប ១២.សេវិនឡាយគ្រុប ១៣.ប្រសើរ ១៤.អេហ្ស៊ី ហ្វាយនែន ១៥.គន្ធាន ១៦.អេលីកា១៧.អភិវឌ្ឍន៍ ១៨.ឌី ខេ ១៩.សុក្រិតភាព និង ៧ ក្រុមហ៊ុនផ្សេងទៀតលាក់ទីតាំង។
អ្វីដែលជាការកត់សម្គាល់ក្រុមហ៊ុនទាំងនោះ ហាក់បីដូចធ្វើអាជីវកម្មសម្លាប់ប្រជាពលរដ្ឋដោយប្រយោលទាំងមិនដឹងខ្លួន ។ ដំបូងមានក្រុមហ៊ុនមួយទៅទាក់ទងដាក់កម្ចី បន្ទាប់មកត្រូវបង់សងលើសពី៣ម៉ឺនរៀលជារៀងរាល់ថ្ងៃ បើថ្ងៃណាខកខានត្រូវបូកសរុបនៅថ្ងៃបន្ទាប់ លុះយឺតយ៉ាវគេច្រើនដងពុំមានលទ្ធភាព ក្រុមហ៊ុននោះនិងចង្អុលបង្ហាញអោយក្រុមហ៊ុនផ្សេងទៀតទៅទម្លាក់កម្ចី ដើម្បីយកលុយថ្មីសងលុយចាស់យូៗទៅប្រជាពលរដ្ឋវ័ណ្ឌករដោយសារបំណុលជាទិសរត់ចោលផ្ទះដោយមិនដឹងមូលហេតុ ។
បច្ចុប្បន្នទីតាំងមួយចំនួន ក្រោយពីមានការប្រកាសពីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះក៏បានរើបង្វេច ខ្លះៗនិងដុតបំផ្លាញឯកសារចោលផងផងដែរ ។ បច្ចុប្បន្ន គោលជំហររបស់អាជ្ញាធរខេត្តបានដាក់បទបញ្ជាយ៉ាងដាច់ម៉ាត់ ដោយណែនាំឲ្យបណ្ដាក្រុមហ៊ុនទាំងនោះត្រូវបញ្ឈប់សកម្មភាព តែក្នុងករណីបន្តគឺត្រូវធ្វើច្បាប់ទម្លាប់ពាកព័ន្ធឲ្យបានគ្រប់គ្រាន់និងអនុវត្តគោរពទៅតាមច្បាប់ជាធរមាន ។
យើងរង់ចាំមើលថា តើបន្ទាប់បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់អភិបាលខេត្ត តើក្រុមហ៊ុនទាំងនោះនៅតែបន្តសកម្មភាពដែលផ្ទុយពីការណែនាំ និងរត់ទៅរកច្បាប់ត្រឹមត្រូវដែរឬយ៉ាងណា?
ចែករំលែកព័តមាននេះ