ទីក្រុងតូក្យូ៖ មានករណីខ្លាឃ្មុំខាំសម្លាប់មនុស្សនៅប្រទេសជប៉ុន ហើយកើតឡើងនៅតំបន់ភ្នំដាច់ដោយឡែកពីគ្នា។ ករណីទីមួយកើតឡើងទៅលើបុរសវ័យចំណាស់ម្នាក់ជាកសិករអាយុ៧៨ឆ្នាំ។ គេបានប្រទះឃើញសាកសពរបស់គាត់កាលពីថ្ងៃសុក្រនៅក្នុងភូមិឈ្មោះអ៊ូស៊ីកាក់ (Ooshika) ខេត្តណាហ្កាណុ (Nagano)។ ករណីទីពីរកើតឡើងទៅលើស្ត្រីម្នាក់រស់នៅខេត្តមីយ៉ាគិ (Miyagi)។ គ្រូពេទ្យបញ្ជាក់ថាស្ត្រីរូបនេះបានស្លាប់ដោយមានស្នាមខ្វាច ឬខាំនឹងចង្កូមទំនងជារងការវាយប្រហារពីសត្វព្រៃ។
សមត្ថកិច្ចអះអាងថានៅក្នុងករណីបុរសវ័យ៧៨ឆ្នាំនោះ គេពិនិត្យឃើញស្នាមខ្វាចនៅលើមុខ និងករបស់គាត់។ ពួកគេសង្ស័យថានេះជាការវាយប្រហាររបស់ខ្លាឃ្មុំដែលបណ្ដាលឱ្យជនរងគ្រោះស្លាប់។ អ្នកស្គាល់គ្នាជាមួយជនរងគ្រោះបានហៅទូរស័ព្ទទៅសមត្ថកិច្ចដើម្បីស្នើសុំធ្វើអន្តរាគមន៍បន្ទាន់ព្រោះមិនឃើញបុរសជាជនរងគ្រោះវិលត្រឡប់ពីបេះផ្សិតនៅក្នុងព្រៃ។ ពេលនោះរាងក្បាលព្រលប់ទៅហើយ គាត់គួរណាស់វិលទៅដល់ផ្ទះវិញបើសិនគ្មានហេតុការណ៍អាក្រក់កើតឡើងចំពោះគាត់។
ទម្រាំរកឃើញសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រើប្រាស់កម្លាំង៣០នាក់ដែលជាភ្នាក់ងារនគរបាល និងភ្នាក់ងារពន្លត់អគ្គិភ័យដើម្បីដើរល្បាតនៅក្នុងព្រៃ។ ចំពោះករណីស្លាប់ស្ត្រីនៅខេត្តមីយ៉ាគិ សមត្ថកិច្ចប្រាប់ថាពួកគេទទួលការហៅទូរស័ព្ទពីបុរសម្នាក់នៅម៉ោង១:៣០រសៀល។ គាត់អះអាងថាកំពុងដើរបេះផ្សិតភ្នំសុខៗស្រាប់តែឃើញស្ត្រីរូបនោះដេកដួលទៅលើដី។ ស្ត្រីរូបនោះរួមដំណើរជាមួយមនុស្ស២នាក់ និងជាមួយបុរសដែលហៅទូរស័ព្ទទៅសមត្ថកិច្ច។ ពួកគេដើរបេះផ្សិតនៅក្នុងព្រៃដើរបែកផ្លូវគ្នារៀងៗខ្លួន។
ឥឡូវនេះ ជោគវាសនារបស់អ្នករួមដំណើរជាមួយស្ត្រីរូបនោះម្នាក់ទៀតមិនទាន់ដឹងសុខទុក្ខយ៉ាងណានៅឡើយទេព្រោះកំពុងតែបាត់ខ្លួនរកមិនទាន់ឃើញ។ បុរសដែលហៅទូរស័ព្ទទៅសមត្ថកិច្ចប្រាប់ថាគាត់ស្ទើរតែមិនជឿទេថាមានករណីស្លាប់ដោយសារខ្លាឃ្មុំខាំ។ ជាធម្មតានៅពេលអុជផាវឱ្យមានសំឡេងផ្ទុះផូងផាំង ខ្លាឃ្មុំគួរណាស់មានអារម្មណ៍ខ្លាចរអា និងដកខ្លួនថយ។ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃសៅរ៍ សមត្ថកិច្ចបានចាត់កម្លាំងចុះស្វែងរកស្ត្រីដែលបាត់ខ្លួន។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍អឹនអេចខេ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ