ខេត្តពោធិ៍សាត់៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងធនធានទឹក បានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទពាក់ព័ន្ធត្រៀមអន្តរាគមន៍គ្រោះទឹកជំនន់ ដែលអាចកើតមានឡើងជាយថាហេតុ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។
យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ លោកសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ទទួលបន្ទុកសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ រួមជាមួយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងស្ថានភាពទឹក និងប្រតិបត្តិការបិទបើកទ្វារទឹកនៅសំណង់ស្ទាក់ទឹកដំណាក់អំពិល ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ដែលបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងទឹកនៅតាមបណ្តាអាងទឹក និងសំណង់ស្ទាក់ទឹកសំខាន់ៗបានល្អប្រសើរ ជាពិសេសសម្រាប់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួត។
លើសពីនេះ លោកអនុរដ្ឋលេខាធិការ ក៏បានណែនាំឱ្យក្រុមការងារមន្ទីរ បន្តយកចិត្តទុកដាក់តាមដានការព្យាករធាតុអាកាសនាចុងរដូវវស្សាខាងមុខ និងស្ថានភាពទឹកនៅតាមបណ្តាអាងស្ទឹងសំខាន់ៗ ដែលកំពុងប្រឈមនឹងទឹកជំនន់ និងត្រៀមលក្ខណៈសម្រាប់ការងារអន្តរាគមន៍ចំពោះគ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួតដែលអាចកើតមានឡើងជាយថាហេតុ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ កម្រិតកម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានហក់ឡើងខ្ពស់ជិតដល់ចំណុចប្រកាសប្រុងប្រយ័ត្ន ប៉ុន្តែវាបានចាប់ផ្តើមស្រកចុះមកវិញហើយ នាថ្ងៃទី២ ខែតុលាម្សិលមិញនេះ ក្រោមកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាទឹកជំនន់ពីក្រុមការងារមន្ទីរបានទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ