ទីក្រុងឡូសអេនជើឡេស៖ មានហេតុការណ៍ឆេះរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុនឆេវវ៉ារ៉ន (Chevron) នៅតំបន់មាត់សមុទ្រខាងលិចប្រទេសអាមេរិកដោយមិនទាន់ដឹងអំពីមូលហេតុនៃការឆេះនេះនៅឡើយទេ។ ប៉ុន្តែវាបានបង្កជាផ្សែងយ៉ាងខ្មៅងងឹត និងភ្លើងសន្ធោសន្ធៅនៅកណ្ដាលអធ្រាត្រ។ អាជ្ញាធរបន្តអំពាវនាវឱ្យប្រជាជនដែលរស់នៅជិតៗកន្លែងកើតហេតុនោះសូមស្នាក់នៅក្នុងផ្ទះបិទទ្វារ បិទបង្អួចឱ្យជិតព្រោះគុណភាពខ្យល់ចាប់ផ្ដើមធ្លាក់ចុះខ្លាំងបំផុតដោយសារផ្សែងពុល។
មន្ត្រីមូលដ្ឋានប្រចាំទីក្រុងអែល ស៊ីហ្គូនដូ (El Segundo) រដ្ឋកាលីហ្វ័រញ៉ា ថ្លែងថាគិតត្រឹមព្រឹកថ្ងៃសុក្រ ភ្លើងឆេះនេះត្រូវបានទប់ស្កាត់មិនឱ្យរីករាលដាលទៅកន្លែងផ្សេង។ ម៉្យាងទៀត សុវត្ថិភាពសាធារណៈក៏លែងទទួលរងការគំរាមកំហែងតទៅទៀតដែរ។ ដូច្នេះ គ្មានការចាំបាច់ដើម្បីជម្លៀសមនុស្សទេ។ ទោះជាយ៉ាងណាក្ដី អាជ្ញាធរបញ្ជាក់ឡើងវិញនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថារហូតមកទល់នឹងពេលនេះ ភ្លើងនៅតែបន្តឆាបឆេះនៅទីតាំងរោងចក្រចម្រាញ់ប្រេងនោះនៅឡើយទេ។
ដងវិថីខ្លះត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ន។ ក្រុមហ៊ុនឆេវវ៉ារ៉នថ្លែងនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថាហេតុការណ៍នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសទេ។ បុគ្គលិករបស់ខ្លួនរាប់វត្តមានឃើញគ្រប់ចំនួនទាំងអស់។ មានន័យថាគ្មាននរណាបាត់ខ្លួនឡើយ។ ប្រព័ន្ធឃ្លាំមើលសភាពការណ៍បង្ហាញថាភ្លើងមិនបានឆេះរាលដាលហួសពីទីតាំងរបស់រោងចក្រទេ។ ប៉ុន្តែសេចក្ដីប្រកាសរបស់ក្រុមហ៊ុនមិនបានបញ្ជាក់ឱ្យច្បាស់ថាតើការឆេះរោងចក្រនេះបណ្ដាលមកពីមូលហេតុអ្វីពិតប្រាកដ។
រោងចក្រចម្រាញ់ប្រេងនេះមានវិសាលភាពគ្របដណ្ដប់លើផ្ទៃដី៣៩០ហិចតារ និងមានបំពង់បង្ហូរប្រេងប្រវែង១៧៧០គីឡូម៉ែត្រ។ រោងចក្រនេះសាងសង់ និងបើកប្រតិបត្តិការតាំងពីឆ្នាំ១៩១១ ហើយអាចចម្រាញ់ប្រេងក្នុង១ថ្ងៃៗប្រហែល២,៩សែនបារ៉ែល (១បារ៉ែលចំណុះ១៥៩លីត្រ)។ ផលិតផលចម្រាញ់របស់រោងចក្រមានដូចជាសាំងធម្មតា, សាំងយន្តហោះ និងប្រេងម៉ាហ្ស៊ូត៕
ចែករំលែកព័តមាននេះ