ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ត្រៀម​បញ្ឈប់​បុគ្គ​លិក​រដ្ឋ​ជា​ច្រើន​នាក់​នៅ​ពេល​រដ្ឋា​ភិបាល​កំពុង​បិទ​ដំណើរ​ការ

1 នាទី មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ប្រទេស​អាមេរិក​​កំពុង​បិទ​ដំណើរ​រដ្ឋាភិបាល (​ដោយសារក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ទាំង​២​ចរ​ចា​មិន​ត្រូវ​គ្នា​ដើម្បី​អនុ​ម័ត​ថវិកា​សម្រាប់​ប្រើ​ប្រាស់​ជា​បន្ត​ទៀត) លោក​ត្រាំ​ចាប់​ផ្ដើម​វាយ​បក​ទៅ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ដែល​ជា​អ្នក​ធ្វើ​ឱ្យ​ជាប់​គាំង​ថវិកា​។ លោក​នឹង​ជួប​នាយក​​គ្រប់​គ្រង​ថវិកា​ លោក​រ៉ាស់​សល វ៉ត (Russell Vought) នៅ​យប់​នេះ​ដើម្បី​កំណត់​មុខ​សញ្ញា​​​ទី​ភ្នាក់ងារ​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ប្រទេស​អាមេរិក​​កំពុង​បិទ​ដំណើរ​រដ្ឋាភិបាល (​ដោយសារក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​ទាំង​២​ចរ​ចា​មិន​ត្រូវ​គ្នា​ដើម្បី​អនុ​ម័ត​ថវិកា​សម្រាប់​ប្រើ​ប្រាស់​ជា​បន្ត​ទៀត) លោក​ត្រាំ​ចាប់​ផ្ដើម​វាយ​បក​ទៅ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ដែល​ជា​អ្នក​ធ្វើ​ឱ្យ​ជាប់​គាំង​ថវិកា​។ លោក​នឹង​ជួប​នាយក​​គ្រប់​គ្រង​ថវិកា​ លោក​រ៉ាស់​សល វ៉ត (Russell Vought) នៅ​យប់​នេះ​ដើម្បី​កំណត់​មុខ​សញ្ញា​​​ទី​ភ្នាក់ងារ​ ឬ​ស្ថាប័ន​ណា​ខ្លះ​ដែល​ជា​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ និង​ដែល​ត្រូវ​កាត់​ផ្ដាច់​ថវិកា​​។

លោក​ត្រាំ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ «​លោក​​សឹង​តែ​មិន​ជឿ​​ថា​ក្រុមប្រជា​ធិប​តេយ្យ​​ឆ្វេង​និយម​ជ្រុលហុច​ឱកាស​ល្អ​កម្រ​រក​បាន​យ៉ាង​ដូច្នេះ​»។ លោក​ចង់​មាន​ន័យ​ថា​ការ​ដែល​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បិទ​ដំណើរ​ការ​យ៉ាង​ដូច្នេះ​ប្រៀប​បាន​នឹង​ការ​ហុច​ដង​ដាវ​ឱ្យ​លោក​យក​លេស​ដើម្បី​ឈប់​ផ្ដល់​ថវិកា​ជាតិ​សម្រាប់​ទ្រទ្រង់​ស្ថាប័ន​នានា​ដែល​បង្កើត​ឡើង​ ឬ​មាន​និន្នា​ការ​គាំទ្រ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​។​

តាំង​ពី​មុន​នេះ លោក​ត្រាំ​បាន​ផ្អឹប​ទុក​ថវិកា​សម្រាប់​ចំណាយ​លើ​ស្ថាប័ន​មួយ​ចំនួន​ដែល​លម្អៀង​ទៅ​រក​គណ​បក្ស​ប្រជា​ធិប​តេយ្យ​។ ហើយ​​ឥឡូវ​នេះ​ទៀត​ លោក​គំរាម​ថា​នឹង​បញ្ឈប់​បុគ្គលិក​របស់​រដ្ឋ​បន្ថែម​ទៀត​នៅអំឡុង​ពេល​នៃ​ការ​បិទ​ដំណើរ​ការ​រដ្ឋាភិបាល​។ លោក​បាន​ដាក់​ចេញ​ផែន​ការ​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​បុគ្គលិក​របស់​រដ្ឋ​ឱ្យ​បាន​៣​សែន​នាក់​ត្រឹម​ចុង​ឆ្នាំ​២០២៥។ ដូច្នេះ​ទន្ទឹម​នឹង​ពេល​ដែលរដ្ឋាភិបាល​បិទ​ដំណើរ​ការ​យ៉ាង​ដូច្នេះ វា​ជា​ឱកាស​ល្អ​​​សម្រាប់​លោក​បញ្ឈប់​ការ​ងារ​កាន់​តែ​លឿន​។

​​លោក​ត្រាំ​បាន​បង្ហោះ​សារ​​នៅ​លើ​បណ្ដាញ​សង្គម ​​រំលឹក​អំពី​ការ​ចូល​រួម​របស់​ប្រធាន​គ្រប់​គ្រង​ថវិកា​ លោក​វ៉ត (Vought) នៅ​ក្នុង​ «ផែន​ការ​ឆ្នាំ​២០២៥» ដែល​ជា​ផែន​ការ​របស់​ក្រុម​អភិ​រក្ស​និយម​។ ផែន​ការ​នេះ​ស្នើ​ឱ្យ​កាត់​បន្ថយ​ឱ្យ​បាន​ច្រើន​ជា​អតិ​បរមា​នូវ​ចំនួន​មន្ត្រី​ដែល​បម្រើ​ការ​នៅ​តាម​មន្ទីរ-​ក្រសួង​នានា​របស់​រដ្ឋ​។ រដ្ឋាភិបាល​របស់​លោក​ត្រាំ​​កំពុង​អនុ​វត្ត​តាម​ទស្សន​វិស័យ​នេះ​​ជា​បណ្ដើរ​ៗ​​ហើយ​​។ ឧទាហរណ៍ ការ​លុប​ចោល​ក្រសួង​អប់​រំ និង​ការ​កាត់​បន្ថយ​តួ​នាទី​របស់​រដ្ឋាភិបាល​នៅ​ក្នុង​បញ្ហា​បំពុល​បរិ​ស្ថាន​​​។

អ្នក​នាំ​ពាក្យ​សេត​វិមាន​ លោក​ស្រី​ខារ៉ូឡាញ លេវីត (Karoline Leavitt) ថ្លែង​ថា​លោក​ត្រាំ​ប្រហែល​ជា​ត្រូវ​បញ្ឈប់​ការ​ងារ​បុគ្គ​លិក​របស់​រដ្ឋ​រាប់​ពាន់​នាក់​នា​ពេល​ឆាប់​ៗ​នេះ​។ ហេតុ​ដូច្នេះ ក្រុម​សហ​ជីព​ការ​ងារ​របស់​រដ្ឋ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ជា​បណ្ដើរ​ៗ​ហើយ​ដើម្បី​តវ៉ា​កុំ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​បុគ្គលិក​យ៉ាង​ដូច្នេះ​​​​។ ប៉ុន្តែ​តុលាការ​សហ​ព័ន្ធ​​​ផ្ដល់​សិទ្ធិ​​ឱ្យ​រដ្ឋា​ភិ​បាល​បិទ​បញ្ចប់​កិច្ច​សន្យា​ការ​ងារ​ទាំង​ពាក់​កណ្ដាល​ទី​។ ចំណែក​សំណុំ​រឿង​ដែល​ស្រដៀង​គ្នា​នេះ​កំពុង​ត្រូវ​យក​មក​ពិនិត្យ​មើល​។​

សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណ​បក្ស​ប្រជា​ធិបតេយ្យ​ លោកស្រី​ផេត​ធី មូរ៉េ (Patty Murray) ថ្លែង​ថា​​​លោក​ត្រាំបញ្ឈប់​ការ​ងារ​បុគ្គលិករបស់​​រដ្ឋ​​មិន​មែន​ជា​ការ​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​ថវិកា​នៅ​សភា​ទេ​​។ លោក​ស្រី​យល់​ថា​បើ​លោក​ត្រាំ​បញ្ឈប់​បុគ្គ​លិក​ មូល​ហេតុ​ពិត​មិន​មែន​ដោយ​សារ​រដ្ឋា​ភិបាល​បិទ​ដំណើរ​ការ​​ទេ​។ ប៉ុន្តែ​ដោយ​សារ​លោក​ចង់​បញ្ឈប់​តែ​ម្ដង​។ ជា​លក្ខណៈ​មាន់​មិន​រងាវ​ក៏​ថ្ងៃ​នៅ​តែ​រះ ឬ​ក៏​អាច​និយាយ​ថា​ព្រឹត្តិ​ការណ៍​ដែល​គ្មាន​ទំនាក់​ទំនង​គ្នា ប៉ុន្តែ​យក​មក​ភ្ជាប់​គ្នា​ដើម្បី​បង្កើត​ភាព​សម​ហេតុ​ផល​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ