ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅក្នុងទីរួមខេត្ត ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ និងលើកកម្ពស់វិស័យទេសចរណ៍ ដែលជាកត្តាមួយយ៉ាងសំខាន់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត នាំមកនូវបរិស្ថានស្អាត ជួយឱ្យប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ មានអារម្មណ៍ស្រស់ថ្លា ។
បើតាមការលើកឡើងពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិ យ៉ាងក្តៅគគុក គួរឱ្យកត់សម្គាល់ មានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋក៏កាន់តែធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរជាទីមោទនភាពផងដែរ ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិន បាននិងកំពុងតែខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំ ដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី មានភាពទាក់ទាញចម្រុះពណ៌ ការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈក្នុងក្រុង និងតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ដូចជារមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាត ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយ ជាខេត្តមួយ ដែលមានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍ សម្រាប់ថ្ងៃអនាគតផងដែរ ។
នៅក្នុងឱកាសនោះផងដែរលោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន និងជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេស មេត្តាយោគយល់ និងអធ្យាស្រ័យចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ធ្វើការកែលម្អហេដ្ឋារចនាសម័ន្ធ និងសោភ័ណភាពខេត្តប៉ៃលិន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកម្សាន្តក្នុងខេត្តនេះកាន់តែច្រើនកុះករ ។
សូមបញ្ជាក់ផងដែរថា ខេត្តប៉ៃលិន ជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេសចរណ៍បែបអេកូធម្មជាតិដ៏ល្បីល្បាញ និងមានរម្មណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តជារៀងរាល់ថ្ងៃ ជាពិសេសថៃសៅរ៍ និងថ្ងៃអាទិត្យ ព្រមទាំងផ្នែកសេវាកម្មទេសចរណ៍ ដូចជា៖ សណ្ឋាគារ និងរីសត ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដើម្បីផ្ដល់សេវាជូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន មិនឱ្យទាស់ចិត្តនោះឡើយ ៕





ចែករំលែកព័តមាននេះ