ខេត្តតាកែវ៖ ក្នុងករណីមានគ្រោះទឹកជំនន់ អាជ្ញាធរខេត្តតាកែវ ត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាទៅកាន់ទីទួលមានសុវត្ថិភាព ខណៈស្រុកបូរីជលសារបានរងផលប៉ះពាល់ដោយសារទឹកជំនន់។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា ឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំដល់ អាជ្ញាធរស្រុក-ឃុំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ និងតាមដានស្ថានភាពទឹកជាប្រចាំ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ត្រូវត្រៀមលក្ខណៈសម្បត្តិទាំង សម្ភារៈ មធ្យោបាយ និងកម្លាំងសរុប ជានិច្ច ក្នុងករណីមានគ្រោះទឹកជំនន់កើតឡើងដោយយថាហេតុ ដើម្បីធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ទៅកាន់ទីទួលមានសុវត្ថិភាព។
ការណែនាំនេះរបស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ក្នុងឱកាស បានអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់នូវស្ថានការណ៍ទឹកជន់ជាក់ស្ដែង នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ រួមជាមួយអាជ្ញាធរស្រុកបូរីជលសារ និងមន្ត្រីជំនាញពាក់ព័ន្ធ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ នៅក្នុងតំបន់ងាយរងគ្រោះ ឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានជាអតិបរមា ក្នុងអំឡុងរដូវវស្សានេះ ជាពិសេសត្រូវ មើលថែទាំក្មេងតូចៗ កុំឱ្យលេងទឹកផ្ដេសផ្ដាស ដើម្បីចៀសវាងគ្រោះថ្នាក់ដែលមិនអាចស្មានដល់។ ក្រៅពីនេះ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់រក្សា អនាម័យជានិច្ច ដោយរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បីការពារខ្លួនពីជំងឺដង្កាត់ផ្សេងៗក្នុងរដូវទឹកឡើងនេះ ។ដោយសារតែឥទ្ធិពលនៃភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឱ្យស្ថានភាពទឹកក្នុងខេត្តតាកែវ កើនឡើងដល់កម្រិតប្រុងប្រយ័ត្ន ការជន់លិចនេះបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅក្នុងភូមិសាស្ត្រ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ដែលជាតំបន់ជាប់ព្រំប្រទល់ប្រទេសវៀតណាម៕
ចែករំលែកព័តមាននេះ