ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ទាំងពេលកំពុងជន់លិច និងក្រោយពេលជន់លិច ជាពិសេសស្បៀងអាហារ និងថ្នាំបង្ការជួយសង្គ្រោះប្រជាពលរដ្ឋ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា ឯកឧត្តម គួច ចំរើន បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ទាំងពេលកំពុងជន់លិច និងក្រោយពេលជន់លិច ពោលគឺត្រូវគិតគូរចំពោះសុវត្ថិភាព សុខភាព និងស្បៀងអាហារជូនប្រជាពលរដ្ឋក្នុងអំឡុងពេលទឹកជំនន់ឱ្យបានល្អប្រសើរ ដោយអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមផែនការទុកជាមុន ត្រូវមានទីទួលសុវត្ថិភាព កន្លែងស្នាក់នៅរបស់ប្រជាពលរដ្ឋ និងសត្វពាហនៈ ជាពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាមនុស្សចាស់ និងកូនក្មេងកុំឱ្យមានបញ្ហាអ្វីមួយជាយថាហេតុ ពេលមានទឹកជំនន់។
ការថ្លែងបែបនេះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ ក្រុមប្រឹក្សាខេត្តកណ្តាល ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ប្រើប្រាស់ថវិកាខេត្ត ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល បានជំរុញដល់គ្រូពេទ្យ ត្រូវត្រៀមថ្នាំបង្ការ និងត្រៀម ជួយសង្គ្រោះ និងព្យាបាលប្រជាពលរដ្ឋពេលរងគ្រោះផ្សេងៗឱ្យបានទាន់ពេលវេលា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ត្រូវត្រៀមរថយន្តសង្គ្រោះក្នុងករណីចាំបាច់ណាមួយ។
ដោយឡែកអាជ្ញាធរមានសមត្ថកិច្ច ក៏ត្រូវបង្កើនកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឱ្យបានល្អ ដើម្បីបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវគ្រប់គ្រង និងតាមដានជាប្រចាំ ចំពោះផលដំណាំដែលបានរងផលប៉ះពាល់ដោយទឹកជំនន់ ត្រូវមានមន្ត្រីចុះពិនិត្យវាយតម្លៃការខូចខាត ត្រូវមានស្ថិតិរបាយការណ៍ជាប្រចាំ ដើម្បីជួយដោះស្រាយក្រោយពេលទឹកជំនន់រួច៕
ចែករំលែកព័តមាននេះ