ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៦ នៃ​ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សុក្រ ៤​កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង…

រាជធានីភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សុក្រ ៤​កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីជប់លៀង​អបអរសាទរ​ខួប​៧៦ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ។

ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម វ៉ាង វិ​ន​ពី​ន ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា​, សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​, តំណាង​អង្គទូត នៃ​ប្រទេស​ជា​មិត្ត​ប្រចាំ​កម្ពុជា ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​រូប​ទៀត ​។

ឯកឧត្តម វ៉ាង វិ​ន​ពី​ន បាន​សម្ដែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ភ្ញៀវ​កិត្តិយស​ទាំងឡាយ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នា​ថ្ងៃនេះ និង​សូម​ជូនពរ​ចំពោះ​បងប្អូន​ជនរួមជាតិ និង​បងប្អូន​ពលរដ្ឋ​ខ្មែរ​ជាប់សែស្រឡាយ​ចិន ដែល​កំពុង​បម្រើ​ការងារ និង​រស់នៅក្នុង​ប្រទេស​កម្ពុជា ​។

ឯកឧត្តម​បន្ត​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​សំខាន់​មួយ​សម្រាប់​ដំណើរការ​អភិវឌ្ឍន៍​ប្រជាជន​ចិន និង​មនុស្សជាតិ ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​អភិបាលកិច្ច​សកល​ឱ្យ​កាន់តែ​ល្អ ហើយ​រួម​គ្នា​ឆ្ពោះទៅ​រក​សហគមន៍​ជោគវាសនា​រួម​សម្រាប់ឆ្នាំ​នេះ​ ក៏​ជា​ឆ្នាំ​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនាក់ទំនង​ចិន ​និង​កម្ពុជា ​។

ឯកឧត្តម​បាន​រំលឹក​ថា ឆ្នាំ​នេះ ឯកឧត្តម​ស៊ី ជី​ន​ភីង ប្រធានាធិបតី​ចិន​ បាន​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ម្ដងទៀត បន្ទាប់​ពី​រយៈពេល​៩ឆ្នាំ ដោយ​បាន​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ដល់​កម្រិត​ថ្មី​មួយទៀត តាម​រយៈ​ការ​កសាងសហគមន៍​វាសនា​រួម​ចិន​-​កម្ពុជា ​គ្រប់​រដូវ​កាល​ក្នុង​យុគសម័យ​ថ្មី ជាមួយ​គ្នា​នោះ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​ក៏​បាន​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញទៅ​ប្រទេស​ចិន ជា​បន្តបន្ទាប់​ផង​ដែរ ​។

ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​៧៦​ឆ្នាំ ប្រទេស​ចិន​ សម្រេច​បាន​សមិទ្ធផល​យ៉ាង​ធំធេង​លើ​គ្រប់​វិស័យ និង​បាន​ជំនះ​ឧបសគ្គ​ព្រមទាំង​បញ្ហា​ប្រឈម​នានា​ ប្រកបដោយ​ជោគជ័យ ក្នុង​ដំណើរការ​កសាង​ប្រទេស​ ។ ប្រទេស​ចិន​ បាន​ក្លាយជា​មជ្ឈមណ្ឌល សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍​របស់​ពិភពលោក ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​តំបន់ និង​ពិភពលោក​ ។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ចូលរួម​អបអរសាទរ​មិត្ត​ចិន ដែល​សម្រេច​បានការ​អភិវឌ្ឍ​ប្រទេស​យ៉ាង​លឿន​បំផុត ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​ចិន ដែល​មាន​ប្រធានាធិបតី ស៊ី ជី​ន​ពីង ជា​ស្នូល រួម​មាន ​៖ ការ​សម្រេច​គោលដៅ​១០០ ឆ្នាំ​ទី​១ នៅ​ឆ្នាំ​២០២១ កំណើនសេដ្ឋកិច្ច​៥% នៅ​ឆ្នាំ​២០២៤ ហើយ​សម្ដេច​មាន​សុទិដ្ឋិនិយម​ថា មិត្ត​ចិន​នឹង​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​នៅ​ឆ្នាំ​២០២៥​នេះ និង​គោលដៅ​១០០​ឆ្នាំ​ទី​២ នៅ​ឆ្នាំ​២០៤៩ ដើម្បី​ប្រែ​ក្លាយទៅជា​ប្រទេស​សង្គមនិយម​ដ៏​ទំនើប​រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌​ជឿនលឿន និង​សុខដុមរមនា​ ។

បើ​តាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​ ចាប់តាំងពី​ការ​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​១៩៥៨ ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន ដែល​ត្រូវ​បាន​ពូន​ជ្រុំ​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ នៃ​ប្រទេស​ទាំង​ពីរ កំពុង​បន្ត​រីក​ចម្រើន​កាន់តែ​រឹង​មាំ​ឥត​ឈប់​ឈរ រហូត​ក្លាយទៅជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប​ ។

សម្ដេច​បាន​បង្ហាញ​ក្តី​រីករាយ​ក្រៃ​លែង ដោយ​ឃើញ​ប្រទេស​យើង​ទាំង​ពីរ​មាន​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ និង​ប្រកបដោយ​ផ្លែផ្កា​លើ​គ្រប់​វិស័យ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​ឈ្នះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ