ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជា-ជប៉ុន រួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរ

2 ថ្ងៃ មុន

ទីក្រុងណាហ្គូយ៉ា៖ កម្ពុជានិងជប៉ុនបានឯកភាពសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរឱ្យបានកាន់តែច្រើនឡើង។ យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញានេះថានាព្រឹកម្សិលមិញ ក្នុងដំណើរទស្សនកិច្ច​ចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ​និងកិច្ចប្រជុំតុមូលរដ្ឋមន្រ្តីទេសចរណ៍…

ទីក្រុងណាហ្គូយ៉ា៖ កម្ពុជានិងជប៉ុនបានឯកភាពសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរឱ្យបានកាន់តែច្រើនឡើង។

យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញានេះថានាព្រឹកម្សិលមិញ ក្នុងដំណើរទស្សនកិច្ច​ចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ​និងកិច្ចប្រជុំតុមូលរដ្ឋមន្រ្តីទេសចរណ៍ ឯកឧត្តម​ ហួត​ ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ បានជួបពិភាក្សាការងារជាមួយ​លោក Astushi Sakai តំណាងទីភ្នាក់ងារសមាគមន៍ទេសចរណ៍ជប៉ុន (JATA) និងសហការី អំពីការបង្កើតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា​ និងសមាគមន៍ទីភ្នាក់ងារទេសចរណ៍ជប៉ុន។

បើតាមក្រសួង​, ក្នុងជំនួប​នោះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ សុវត្ថិភាពភ្ញៀវទេសចរអន្តរជាតិដែលត្រូវបានផ្តល់កិច្ចធានាដោយរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនតំណាងសមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុនពីសក្តានុពលទេសចរណ៍កម្ពុជាដែលជាទីផ្សារថ្មី ប្រកបដោយសក្តានុពល និងពោរពេញដោយកាលានុវត្តវិនិយោគ ដែលត្រូវការការវិនិយោគលើវិស័យទេសចរណ៍យ៉ាងច្រើនពីវិនិយោគិនបរទេស និងការចាប់ដៃសហការគ្នារវាងទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជប៉ុន ដើម្បីរៀបចំ Famtrip មកប្រទេសកម្ពុជា ជួបពិភាក្សាគ្នាបង្កើតជាកញ្ចប់ទស្សនកិច្ច។ គូភាគីទាំងពីរ ក៏បានឯកភាពសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញ និងបង្កើនចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រទេសទាំងពីរឱ្យបានកាន់តែច្រើនឡើង។

សូមបញ្ជាក់ជូនថា​ សមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុន​ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៩​ ហើយមានសមាជិកជាក្រុមហ៊ុនទេសចរណ៍ធំៗ ជាង ១.១០០​ ក្រុមហ៊ុន​នាពេលបច្ចុប្បន្ន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ