ខេត្តស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង បានណែនាំដល់មន្ត្រីក្រោមវាទពាក់ព័ន្ធ ត្រូវពិនិត្យតាមដានការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ និងសង្កេតទៅលើបញ្ហាប្រឈមនានាដូចជា សត្វល្អិតបំផ្លាញ ឬក៏ជំនន់ទឹកភ្លៀងជាដើម ដើម្បីមានវិធានការដោះស្រាយឆ្លើយតប។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែកញ្ញានេះ បានឱ្យដឹងថា ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់មន្ទីរធនធានទឹក នឹងឧតុនិយមខេត្តត្រូវពិនិត្យតាមដានពីបញ្ហាអាកាសធាតុនៅក្នុងរដូវវស្សានេះ ក្នុងករណីកម្ពស់ទឹកកើនឡើងនៅក្នុងតំបន់ណាមួយដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ មន្ទីរ និងអាជ្ញាធរដែនដីត្រូវពិនិត្យរាយការណ៍ ដើម្បីមានដំណោះស្រាយជៀសវាងការខូចខាតដោយប្រការណាមួយជាយថាហេតុ។
ក្នុងនោះមន្ទីរកសិកម្មខេត្ត ត្រូវពិនិត្យតាមដានការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ និងសង្កេតទៅលើបញ្ហាប្រឈមនានាដូចជា សត្វល្អិតបំផ្លាញ ឬក៏ជំនន់ទឹកភ្លៀងជាដើម ដើម្បីមានវិធានការដោះស្រាយឆ្លើយតប៕
ចែករំលែកព័តមាននេះ