ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក ​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​វិមាន​សន្តិភាព សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​វិមាន​សន្តិភាព សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​ឯកឧត្តម Adam Smith សមាជិក​សភា​ប្រចាំ​រដ្ឋ Washington រួម​ដំណើរ​ដោយ​ឯកឧត្តម Michael Baumgartner សមាជិក​សភា​ប្រចាំ​រដ្ឋ Washington និង​លោក​ជំទាវ Chrissy Houlahan សមាជិក​សភា​ប្រចាំ​រដ្ឋ Pennsylvania ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម Adam Smith បាន​សម្តែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​បវរ​ធិ​បតី និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​បវរ​ធិ​បតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​គណៈប្រតិភូ បាន​ចូល​ជួប​ពិភាក្សា​ការងារ​នា​ពេល​នេះ ។

គណៈប្រតិភូ​សភា​សហរដ្ឋអាមេរិក បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក ព្រមទាំង​បាន​គូសបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នា​ពេល​នេះ មាន​គោលបំណង​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។ គណៈប្រតិភូ​សភា​អា​មេ​រិ​ក ក៏​បាន​កោតសរសើរ​ចំពោះ​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ។

ជា​ការ​ឆ្លើយ​តប សម្តេច​បវរ​ធិ​បតី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​សភា​អា​មេ​រិ​ក ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ពេល​នេះ​។ សម្តេច​បវរ​ធិ​បតី បាន​សម្តែង នូវ​ការ​ពេញចិត្ត​ចំពោះ​ភាព​រីក​ចម្រើន នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ លើ​វិស័យ​ជា​ច្រើន ក៏​ដូច​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន នៃ​ប្រទេស​ទាំង​ពីរ ។

នៅ​ក្នុង​ជំនួប​នោះ​ដែរ សម្តេច​បវរ​ធិ​បតី និង​គណៈប្រតិភូ​សភា​អា​មេ​រិ​ក ក៏​បាន​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​គ្នា ដើម្បី​ស្វែងរក​កាលានុវត្តភាព​ថ្មី​ៗ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ៗ រួម​មាន​ជា​អាទិ៍ ៖ សេដ្ឋកិច្ច​, វិនិយោគ​, ការពារ​ជាតិ​, សន្តិសុខ និង​អប់រំ ជាដើម ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​, សម្ដេច​បវរ​ធិ​បតី​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី Donald J. Trump ដែល​បាន​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ បាន​ឆាប់រហ័ស ដែល​បាន​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ជា​ច្រើន និង​បាន​ជម្រាប​ជូន​គណៈប្រតិភូ​សភា​អា​មេ​រិ​ក អំពី​បច្ចុប្បន្នភាព ស្តី​ពី​កា​រវិ​វ​ឌ្ឍ នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ព្រមទាំង​បាន​គូសបញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ ដោយ​សន្តិវិធី ផ្អែក​លើ​កិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង​សន្ធិសញ្ញា ដែល​មាន​ស្រាប់ និង​ច្បាប់​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ