ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងធនធានទឹក ត្រៀមឆ្លើយតបចំពោះគ្រោះ​ធម្មជាតិទឹកជំនន់ ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ

59 នាទី មុន

ខេត្តកំពង់ធំ៖ ក្រសួងធនធានទឹក បានណែនាំដល់មន្ត្រីក្រោមឱវាទពាក់ព័ន្ធ​ត្រៀមលក្ខណៈជានិច្ច ដើម្បីឆ្លើយតបចំពោះគ្រោះធម្មជាតិរាំងស្ងួតនិងទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័ស ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ។ យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម​ នាថ្ងៃទី២៥…

ខេត្តកំពង់ធំ៖ ក្រសួងធនធានទឹក បានណែនាំដល់មន្ត្រីក្រោមឱវាទពាក់ព័ន្ធ​ត្រៀមលក្ខណៈជានិច្ច ដើម្បីឆ្លើយតបចំពោះគ្រោះធម្មជាតិរាំងស្ងួតនិងទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័ស ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ។

យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម​ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្រ្តីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាប្រព័ន្ធធារាសាស្រ្ត ក្នុងខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋាន និងក្រុមការងារ បានចុះពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រចំនួន៤ ក្នុងស្រុកសន្ទុក ស្រុកកំពង់ស្វាយ ស្រុកស្ទោង និងស្រុកប្រាសាទបាល្ល័ង្គ ដែលរួមមាន៖ ទី១)ប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង មានប្រភពទឹកពីស្ទឹងតាំងក្រសាំង ទី២)ប្រព័ន្ធធារាសាស្រ្ត៣០កញ្ញា មានប្រភពទឹកពីស្ទឹងស្ទោង ទី៣)ប្រឡាយអូរជីម៉ាស មានប្រភពទឹកពីអាងទឹក៣០កញ្ញា និងទី៤)ប្រឡាយទំពេជ មានប្រភពទឹកពីអូរគោលង់។

បើតាមក្រសួង, លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានជម្រាបជូនបន្ថែមដល់ក្រុមការងារក្រសួង និងមន្ទីរ នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឱ្យបន្តការយកចិត្តទុកដាក់ក្នុងការពង្រឹងការគ្រប់គ្រងប្រតិបត្តិការបិទបើកទឹកតាមបច្ចេកទេសនៅតាមសំណង់ស្ទាក់ទឹក និងតាមដានស្ថានភាពទឹកនៅតាមអាងទឹក និងប្រព័ន្ធធារាសាស្ត្រនានា ព្រមទាំងរាយការណ៍ជាប្រចាំមកក្រសួង ហើយត្រៀមលក្ខណៈជានិច្ច ដើម្បីឆ្លើយតបចំពោះគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័សផងដែរ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន។

សូមបញ្ជាក់ថា ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មានប្រភពទឹកស្ទឹងសំខាន់ៗចំនួន ៤គឺ ស្ទឹងសែន ស្ទឹងស្ទោង ស្ទឹងជីនិត និងស្ទឹងតាំងក្រសាំង។ គិតត្រឹមម៉ោង ៦៖០០នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ កម្ពស់ទឹកនៅតាមបណ្តាស្ថានីយមួយចំនួនមានដូចជា៖ ទី១)ស្ថានីយកំពង់ធំ(ស្ទឹងសែន) ទឹកមានកម្ពស់ ១៣,៩០ម៉ែត្រ ទី២)អាងទឹក៣០កញ្ញា(ស្ទឹងស្ទោង) ទឹកមានកម្ពស់ ៣,៥ម៉ែត្រ ទី៣)អាងទឹកស្ទឹងជីនិត(ស្ទឹងជីនិត) ទឹកមានកម្ពស់ ១៦,៣៥ម៉ែត្រ ទី៤)ស្ទឹងតាំងក្រសាំង(ស្ពាន) ទឹកមានកម្ពស់ ៤,២៥ម៉ែត្រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ