ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិកម្ពុជាបដិសេធចំពោះការផ្សាយរបស់សាព័ត៌មានថៃ ថាកម្ពុជាបានចល័តទ័ព និងសព្វាវុធ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​ធ្វើការ​បដិសេធ​ចំពោះ​ការ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ ថា​កម្ពុជា​បាន​ចល័ត​ទ័ព និង​សព្វាវុធ ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាព​មួយ​ចំនួន ។ លោក​ជំទាវ ឧត្តមសេនីយ៍ឯក…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​ធ្វើការ​បដិសេធ​ចំពោះ​ការ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ ថា​កម្ពុជា​បាន​ចល័ត​ទ័ព និង​សព្វាវុធ ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាព​មួយ​ចំនួន ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥ មាន​បណ្តាញ​សង្គម និង​សារព័ត៌មាន​របស់​ថៃ​មួយ​ចំនួន បាន​ចុះ​ផ្សាយ​ថា «​កម្ពុជា​បាន​ចល័ត​ទ័ព និង​សព្វាវុធ ដោយ​ភ្ជាប់​ជាមួយនឹង​រូបភាព​មួយ​ចំនួន​» ។

ក្រសួងការពារជាតិ សូម​ធ្វើការ​បដិសេធ និង​សូម​គូសបញ្ជាក់​នូវ​ការ​ពិត​ថា ការ​លើក​ឡើង​របស់​បណ្តាញ​សង្គម និង​សារព័ត៌មាន​ថៃ​មួយ​ចំនួន​ខាងលើ មិនមែន​ជា​ការ​ពិត​ទេ ។ ចំពោះ​រូបភាព​ដែល​បណ្តាញ​សង្គម និង​សារព័ត៌មាន​ថៃ បាន​យក​ទៅ​ផ្សព្វផ្សាយ​នោះ គឺជា​រូបភាព​ចាស់​ៗ​ដែល​មិនមែន​ជា​រូបភាព​ក្នុងថ្ងៃនេះ​នោះ​ទេ ។

ក្រសួងការពារជាតិ​បាន​អះអាង​ថា កងកម្លាំង​របស់​កម្ពុជា​មិន​បាន​ធ្វើ​សកម្មភាព​បង្កហេតុ ឬ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដូច​ការ​លើក​ឡើង​របស់​បណ្តាញ​សង្គម និង​សារព័ត៌មាន​ថៃ​នោះ​ឡើយ ។

កងកម្លាំង​របស់​កម្ពុជា សូម​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​គោរព និង​ការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ឱ្យ​បាន​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​ដោយ​បន្ត​សហការ​គ្នា​ឱ្យ​បាន​ជិត​ស្និទ្ធ​នៅ​គ្រប់​កម្រិត និង​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​សំដៅ​លើកកម្ពស់ សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំង​ពីរ​ក៏​ដូច​ជា​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​ឱ្យ​បាន​ឆាប់រហ័ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ