រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងតំបន់មួយចំនួនរបស់ប្រទេសកម្ពុជា បានរងឥទ្ធិពលខ្យល់ព្យុះចំនួន៣ ដែលធ្វើឲ្យមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជារបស់ក្រសួងធនធានទឹក សម្រាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា ព្យុះទី២០ ឈ្មោះ ប៊ូឡូយ (Bualoi) T2520 ដើរស្របនឹងគន្លងព្យុះទី១៨ ឈ្មោះ រ៉ាហ្គាសា (Ragasa) T2518។

ដោយឡែកព្យុះទី១៩ ឈ្មោះ នេហ្គោរី (Neoguri) T2519 បានបង្កើនឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា ។
គន្លងផ្លូវដើររបស់ព្យុះទាំង៣នេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ ។ ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់ បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រវិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនឹងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៦០% ។

ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C ។ ខ្យល់ បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម៦ម៉ែត្រ/វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០% ។

ដោយឡែកនៅតំបន់មាត់សមុទ្រមាន សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រវិនាទី ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០%។ រលឹកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ ៕
ចែករំលែកព័តមាននេះ