ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំបានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិដើម្បីអនុញ្ញាតឱ្យទីកតុកបន្តប្រតិបត្តិការរបស់ខ្លួននៅលើទឹកដីអាមេរិកដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ស្ដីពីការការពារសន្តិសុខជាតិ។ បទបញ្ជារបស់លោកត្រាំនឹងជំរុញឱ្យក្រុមអ្នកវិនិយោគទុនរបស់អាមេរិកទិញភាគហ៊ុនរបស់ទីកតុកម្នាក់បន្តិចៗ។ ប៉ុន្តែកិច្ចព្រមព្រៀងផ្ទេរទីកតុកឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាមេរិកមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ ហើយត្រូវឆ្លងកាត់ការអនុម័តយល់ព្រមពីរដ្ឋាភិបាលចិនថែមទៀត។
រហូតមកដល់ពេលនេះមានរឿងរ៉ាវអាថ៌កំបាំងច្រើនណាស់ដែលគេមិនបានដឹងអំពីកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែលោកត្រាំថ្លែងថាប្រធានាធិបតីចិន លោកស៊ីជីនពីង បានឯកភាពជាមួយលោករួចហើយថានឹងបន្តធ្វើកិច្ចការនេះ។ អនុប្រធានាធិបតីអាមេរិក លោកជេឌីវេន ថ្លែងបន្ថែមថាភាគីចិននៅមានចំណុចមួយចំនួនដែលនៅមិនទាន់ដាច់ស្រេច។ ប៉ុន្តែចំណុចសំខាន់ដែលយើងចង់បានគឺចង់ឃើញបណ្ដាញទីកតុកបើកដំណើរការជាបន្តទៀត។ ទន្ទឹមនឹងនោះ យើងក៏ត្រូវការពារឯកជនភាពរបស់អ្នកប្រើប្រាស់ និងត្រូវអនុវត្តទៅតាមផ្លូវច្បាប់ផងដែរ។
តាមពិត ទីកតុកត្រូវបិទដំណើរការនៅអាមេរិកតាំងពីយូរមកហើយបន្ទាប់ពីលោកបៃដិនចុះហត្ថលេខាលើច្បាប់ដែលអនុម័តដោយសភាខង់ហ្ក្រែសកាលពីឆ្នាំ២០២៤។ ច្បាប់នោះចែងថាបើក្រុមហ៊ុនបាយដាន់ (ByteDance) ដែលជាម្ចាស់ទីកតុកមិនលក់ភាគហ៊ុនឱ្យអាមេរិកទេគឺត្រូវបិទចោលត្រឹមដើមឆ្នាំ២០២៥។ ប៉ុន្តែនៅពេលលោកត្រាំឡើងកាន់អំណាច លោកចេះតែពន្យារពេលជាបន្តបន្ទាប់។
បទបញ្ជាកាលពីយប់មិញជាសេចក្ដីប្រកាសរបស់ប្រធានាធិបតីអាមេរិកដែលតម្រូវឱ្យផ្ទេរទីកតុកឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាមេរិក និងត្រូវដោះស្រាយបញ្ហាកង្វល់ពាក់ព័ន្ធនឹងសន្តិសុខជាតិអាមេរិកដូចដែលមានចែងនៅក្នុងច្បាប់។ បទបញ្ជានេះទុកពេល១២០ថ្ងៃបន្ថែមទៀតដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់ខិតខំចរចាគ្នាដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀងជាស្ថាពរ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអេភី៕
ចែករំលែកព័តមាននេះ