ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាមុខសញ្ញាឆក់កាបូប ចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពីធ្វេីសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះ០២នាក់ប្តីប្រពន្ធធ្វើដំណើរទៅលេងស្រុកក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌបានសម្រេច ហើយរត់គេចខ្លួនបានចំនួន០២ថ្ងៃនគរបាលស្រាវជ្រាវឃាត់បាន។
ការឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាឆក់កាបូបតាមដងផ្លូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បាននិយាយឱ្យដឹងថា ក្រុមជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះទី១~ ឈ្មោះ យ៉ាង ភីយុទ្ឋ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ទី២~ ឈ្មោះ រុំ វិច្ឆកា ភេទប្រុស អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ និងទី៣~ ឈ្មោះ ជូ សារិន ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ ទាំង០២នាក់រស់នៅក្នុងឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ចំណែកជនរងគ្រោះមានឈ្មោះ ឃឹម ដានីន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិថ្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ បានដឹកប្រពន្ធមកលេងស្រុកកំណេីតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
លោក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋបានបន្តថា÷ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងមានការដឹកនាំផ្ទាល់របស់លោក កំលាំងផ្នែកនគរបាលព្រហ្មទណ្ឌស្រុក បានធ្វេីការសហការស្រាវជ្រាវករណីក្រុមចោរឆក់កាបូប កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ ឃឹម ដានីន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិថ្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ដឹកប្រពន្ធមកលេងស្រុកកំណេីត នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅក្នុងភូមិទ័ពម្រាក់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
លោកអធិការនគរបាលស្រុកដដែលបានបន្តទៀតថា ÷តាមការស្រាវជ្រាវកំលាំងកំណត់បានអត្ដសញ្ញាណជនសង្ស័យ ក្នុងនោះប្រេីមធ្យោបាយម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ 1CP-4434 ក្នុងហេតុការណ៍ខាងលេីក្រុមជនសង្ស័យបានឆក់កាបូបដាក់លុយស្ពាយចំហៀងបណ្តាលឱ្យជនរងគ្រោះធ្លាក់ពីលេីម៉ូតូនិងដួលបោកទៅនឹងដីរងរបួសចំក្បាលទាំង០២នាក់ប្ដី-ប្រពន្ធ ក្រោយពីជនសង្ស័យធ្វើសកម្មភាពឆក់បានក៏គេចខ្លួនបាត់ស្រមោល។ ក្រោយពីជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចមក កម្លាំងនគរបាលស្រុកបសេដ្ឋបានធ្វើការស្រាវជ្រាវ ឈានទៅឃាត់ខ្លួនក្រុមជនសង្ស័យចំនួន០៣នាក់ និងដកហូតម៉ូតូមួយគ្រឿងផងដែរ។
បច្ចុប្បន្នក្រុមជនសង្ស័យទាំង០៣នាក់ខាងលើ រួមជាមួយមធ្យោបាយធ្វើសកម្មភាព ម៉ូតូមួយគ្រឿង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋដេីម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដ កំពង់ស្ពឺ ចាត់ការតាមផ្លូវច្បាប់។ រីឯកាបូបលុយសមត្ថកិច្ចនគរបាលបានប្រគល់ជូនទៅភាគីជនរងគ្រោះវិញគ្រប់ចំនួនផងដែរ៕


ចែករំលែកព័តមាននេះ