ខេត្តមណ្ឌលគិរី ៖ បើគ្មានការប្រែប្រួលទេ ចុងខែកញ្ញានេះ ជំនួយមនុស្សធម៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងត្រូវនាំយកទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.៨៥០ គ្រួសារ នៅខេត្តមណ្ឌលគិរីនិងខេត្តរតនគិរី។
ការផ្តល់ជំនួយនេះធ្វើឡើងដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមទីទួលសុវត្ថិភាព។ ក្នុងចំណោមគ្រួសាររងគ្រោះទាំងអស់នោះ មាន ៩៥០ គ្រួសារ នៅខេត្តមណ្ឌលគិរី និង ៩០០ គ្រួសារ នៅខេត្តរតនគិរី។
ពិធីចែកអំណោយនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ ២៨ ខែកញ្ញា ឆ្នាំ ២០២៥។ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នឹងចុះទៅខេត្តមណ្ឌលគិរីដើម្បីចែកអំណោយដល់ ៩៥០ គ្រួសារ ក្នុងនោះរួមមាន ស្រុកកែវសីមា ១៥៩ គ្រួសារ និងស្រុកកោះញែក ៧៩១ គ្រួសារ។
ចំណែកឯឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង នាយកនាយកដ្ឋានសុខភាព នឹងចុះទៅខេត្តរតនគិរីដើម្បីចែកអំណោយដល់ ៩០០ គ្រួសារ រួមមាន ស្រុកកូនមុំ ៤០០ គ្រួសារ និងស្រុកលំផាត់ ៥០០ គ្រួសារ។
អំណោយដែលគ្រួសារនីមួយៗទទួលបានមាន៖
-អង្ករ ៣០ គីឡូក្រាម
-មី ១ កេស
-ត្រីខ ១០ កំប៉ុង
-ទឹកស៊ីអ៊ីវ ៦ ដប
-ប្រេងឆា ១ ដប
-ម្សៅសាប៊ូ ១ កញ្ចប់
-ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ (ឃីត) រួមមាន មុង ភួយ សារុង និងក្រមា ១ កញ្ចប់ ៕

















ចែករំលែកព័តមាននេះ