ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ទេសចរណ៍ កម្ពុជា​-​ចិន ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​កើន​៨០​ម៉ឺន​នាក់ ហើយ​រំពឹង​ទទួល​បាន​លើស​ពី​១​លាន​នាក់

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​២០២៥​នេះ ត្រូវ​បាន​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំង​ពីរ បាន​ចាត់​ទុក​ថា គឺជា​ឆ្នាំ​ទេ​ចរណ៍​កម្ពុជា​-​ចិន ហើយ​ឆ្នាំ​នេះ​ដែរ​មាន​ភ្ញៀវ​ទេចរ​ចិន បាន​មក​កម្ពុជា មាន​ចំនួន​កើន​រហូត​ដល់​៨០​ម៉ឺន​នាក់…

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​២០២៥​នេះ ត្រូវ​បាន​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំង​ពីរ បាន​ចាត់​ទុក​ថា គឺជា​ឆ្នាំ​ទេ​ចរណ៍​កម្ពុជា​-​ចិន ហើយ​ឆ្នាំ​នេះ​ដែរ​មាន​ភ្ញៀវ​ទេចរ​ចិន បាន​មក​កម្ពុជា មាន​ចំនួន​កើន​រហូត​ដល់​៨០​ម៉ឺន​នាក់ ខណៈ​ទេសចរណ៍​កម្ពុជា ក៏​បាន​ទៅ​ចិន មាន​ចំនួន​ច្រើន​ដែរ​។ នេះ​បើ​តាម​ការ បញ្ជាក់​របស់​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា ។

ថ្លែង​ក្នុង​ពិធីការ​សម្តែង​សិល្បៈ និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ឆ្នាំ​ទេ​ចរណ៍​កម្ពុជា​-​ចិន រាត្រី Tsing Dao នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ២០​២៥​ ឯកឧត្តម វ៉ាង វិ​ន​ពិន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ឆ្នាំ​២០២៥ ​គឺជា​ឆ្នាំ​ទេសចរណ៍​រវាង​ចិន និង​កម្ពុជា ដែល​ចាប់ផ្តើម​តាំងពី​ខែមេសា​មក ​។

ឯកឧត្តម ​បាន​លើក​ឡើង​ថា ​បណ្តា​ខេត្ត​នានា​របស់​ចិន ​បាន​ធ្វើការ​ស្តែង​សិល្បៈ ដើម្បី​ផ្សព្វផ្សាយពី​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​។ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​កើនឡើង បាន​ធ្វើការ​ហោះហើរត្រង់​ពី​កាន់​ប្រទេស​កម្ពុជា ។ ទន្ទឹម​នឹង​នេះ​ កម្ពុជា​ក៏​បាន​ធ្វើការ​ចូលរួម​តាំង​ពិ​ព័រ​ណ៌​ទេសចរណ៍ នៅ​ក្នុង​ប្រទេស​ចិន និង​បាន​ធ្វើការ​ចុះ​អនុស្សា​រណៈ​ជាមួយ​គ្នា​ទាក់ទង​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ ​។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម អគ្គរដ្ឋទូត​ចិន​ ក៏​បាន​គូសបញ្ជាក់​ថា ​៖ «ឆ្នាំ​២០២៥​នេះ ​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា ​មាន​ចំនួន​កើនឡើង ជាង​៨០​ម៉ឺន​នាក់ ដែល​មាន​ចំនួន​កើន​៤៥.៧% បើប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​មុន​។ ហើយ​ភ្ញៀវ​ទេសចរណ៍​កម្ពុជា បាន​ទៅ​ប្រទេស​ចិន ក៏​មាន ចំនួន​កើនឡើង​ដែរ​»​ ។

បើ​តាម​ឯកឧត្តម​ទូត​ បាន​អះអាង​ថា​ សម្រាប់​ឆ្នាំ​ទេសចរណ៍​រវាង​ចិន និង​កម្ពុជា​ មាន​ចំនួន អ្នកទេសចរណ៍ យ៉ាង​ល្អ​ប្រសើរ ហើយ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​យ៉ាង​ប្រសើរ​ផង​ដែរ ​។

លើស​ពី​នេះ​ទៅ​ទៀត​ ឯកឧត្តម​ទូត​ បាន​លើក​ឡើង​ថា ​កម្ពុជា ​និង​ចិន ​មាន​វប្បធម៌ ត​ភ្ជាប់​ជាមួយ​គ្នា ហើយ​មាន​មែកធាង​ជាមួយ​គ្នា និង​មាន​ទេសចរណ៍​ដ៏​សំបូរ​បែប ពិសេសអាច​និយាយ​ថា​ មានសក្តានុពល​យ៉ាង​ខ្លាំងក្លា​ចំពោះ​វិស័យ​ទេសចរណ៍​នេះ​ ។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម ហោ សា​រុន​ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ បាន​លើក​ឡើង​ថា វិស័យ​ទេសចរណ៍​បាន​រួមចំណែក​យ៉ាង​សំខាន់ ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ជា​ពិសេស​លំហូរ​ចូល​យ៉ាងច្រើន ​នៃ​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា ​នៅ​មុន​វិបត្តិជំងឺ​កូ​វី​ដ​-១៩ មាន​ចំនួន​ប្រមាណ​២,៤​លាន​នាក់ នៅ​ឆ្នាំ​២០១៩ ​។

ឯកឧត្តម​ បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ស រុ​ប​ប្រមាណ​៦,៧​លាន​នាក់ កើនឡើង​ប្រមាណ​២៣% ធៀប​នឹង​ឆ្នាំ​២០២៣ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​ប្រមាណ​៨៥​ម៉ឺន​នាក់ កើនឡើង​៥៥%​។​ សម្រាប់​រយៈ​ពេល​៨​ខែ​ដើមឆ្នាំ២០២៥ នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ ៤,០៥​លាន​នាក់ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន ៧៨,៥ ម៉ឺន​នាក់ កើនឡើង ៤៥,៧% ​។

ឯកឧត្តម​បញ្ជាក់​ថា ​៖ «​តាម​និន្នាការ​នេះ យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​កំណត់​យក​ឆ្នាំ​២០២៥ ជា «​ឆ្នាំ​ទេសចរណ៍ កម្ពុជា​-​ចិន​» នឹង​ក្លាយជា​ច​លករ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​ភ្ញៀ វ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា បង្កើនការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ និង​ការ​ផ្លាស់​ប្តូរ​វប្ប​ធម៌​រវាងប្រទេស​ទាំង​ពីរ សំដៅ​រួមចំណែក​ដល់​ការ​សម្រេចបំណងប្រាថ្នា​ក្នុង​ការ​កសាង​សហ​គមន៍​ជោគវាសនា​រួមកម្ពុជា​-​ចិន​។ យើង​សង្ឃឹមថា កម្ពុជា​នឹង​ទទួល​បានភ្ញៀវ​ទេសចរ​ចិន លើស​ពី​មួយ​លាន​នាក់​សម្រាប់​ឆ្នាំ​២០២៥នេះ​» ​។

ឯកឧត្តម​ ថា​ អនាគត​ នៃ​វិស័យ​ទេសចរណ៍​កម្ពុជា គឺ​មិន​អាច​កាត់​ផ្ដាច់​ពីការ​ស្រូប​ទាញ​កំណើន​ នៃលំហូរ​ទេសចរ និង​វិនិយោគិន​ចិន ​បាន​ឡើយ​។ សម្រាប់​កម្ពុជា យើង​បាន​ត្រៀមលក្ខណសម្បត្តិ​គ្រប់គ្រាន់ និងបន្ត​ខិតខំ​ពង្រឹង​ការ​ត្រៀម​លក្ខណសម្បត្តិ​ទទួលភ្ញៀវ​ទេសចរ​ចិន តាម​រយៈ​ការ​ពង្រឹង​ការ​អនុវត្ត​ស្តង់ដា​គុណភាព ផលិតផល និង​សេវាកម្ម​ទេសចរណ៍​សម្រាប់​ទីផ្សារ​ទេសចរណ៍​ចិន (China-ready) ការ​បង្កើន​បទ​ពិសោធល្អ​ៗ​គួរ​ឱ្យ​ចង​ចាំ​ស​ម្រាប់​ភ្ញៀវ​ទេសចរ ការ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ E-arrival ការ​សម្រួលការ​ធ្វើ​ដំណើរនៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍ ការ​រៀបចំ​ព្រឹត្តិការណ៍ និង​ពិ​ព័រ​ណ៌​នានា ការ​ផ្សព្វផ្សាយ និង​លើកកម្ពស់​រូបភាព​គោលដៅ​ទេសចរណ៍​អាទិភាព​ជាដើម​ ។​ល​។

ជាមួយ​គ្នា​នោះ​ដែរ ​ឯកឧត្តម​បង្ហាញ​ការ​ជឿជាក់​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ខាងលើ ពិតជា​នឹង​ប​ង្កើនភា​ព​ទាក់ទាញ​ទេសចរ​បន្ថែម​ពី​ប្រទេស​ចិន ហើយ​ក៏​សង្ឃឹមថា ​ប្រជាជន​នៃ ប្រទេស​ចិនទាំងមូល ជា​ពិសេស​ប្រជាជន​ នៃខេត្ត​សាន​តុង ផ្ទាល់​នឹង​ធ្វើការ​ជ្រើសរើស​មក ទស្សនា​ប្រទេស​កម្ពុជា​នៅ​គ្រប់​រដូវ​កាល ពិសេស​ក្នុង​រដូវ​កាល​នេះ ដែល​ជា​រដូវ​កាល​បៃតង Green Season របស់​កម្ពុជា​។

ឯកឧត្តម​ បន្ថែម​ថា ទន្ទឹម​នេះ ដើម្បី​ជំរុញ​លំហូរ​ភ្ញៀវ​ទេសចរ​រវាង​កម្ពុជា​-​ចិន​ពិសេស​តាម​រយៈយុទ្ធនាការ «​ឆ្នាំ​ទេសចរណ៍ កម្ពុជា​-​ចិន​» ដែល​យើង​បាន និង​កំពុងអនុវត្ត​រួមគ្នា​ក្នុងរយៈ​ពេល​មួយ​ឆ្នាំ​ពេញ គិត​ចាប់ពី​ការ​ប្រកាស​បើក​ជាផ្លូវការ ឆ្នាំ​ទេសចរណ៍​កម្ពុជា​-​ចិន​» កាលពី​ខែ ឧសភា ឆ្នាំ​២០២៥ រហូត​ដល់​ខែឧសភា ឆ្នាំ​២០២៦ និង​ឆ្នាំ​បន្ត បន្ទាប់​ទៀត ក្រសួងទេសចរណ៍​ ក៏​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​សហការ​ជាមួយ​មិត្ត​ចិន​ដែល​យើង នឹង​រៀបចំ​ជា​ព្រឹត្តិការណ៍ និង​កម្មវិធី​ដ៏​សម្បូរ​បែប​ច្នៃប្រឌិត​មាន​ភាព​ទាក់ទាញ ​និង​រស់​រវើក ដែល​រួម​មាន ​៖ ព្រឹត្តិការណ៍​វប្បធម៌​ផ្សារ​ភ្ជាប់​ទេសចរណ៍ ព្រឹត្តិការណ៍​ពិព័រណ៍ ព្រម​ជា​មួយ​ការ​រៀប​ចំ ​និង​ចូលរួម​កម្មវិធី​មួយ​ចំនួនទៀត ទាំង​នៅ​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ចិន​ផង​ដែរ​ ។

ចំណែក​លោក ចឹ​ង ចាន​យ៉ុ​ង សមាជិក​អចិ​ន្ត្រៃ​យ៍ ​នៃ​គណៈកម្មការ​បក្ស​ខេត្ត​សាន​តុង ​ប្រទេសចិន ​បាន​លើក​ឡើង​ថា ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​អរិយធម៌​បុរាណ​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ ហើយ​បាន​បង្កើត​អរិយធម៌​ខ្មែរដ៏​អស្ចារ្យ​។ ប្រទេស​ចិន និង​កម្ពុជា​ជា ប្រទេស​ជិតខាង​ល្អ និង​ជា​មិត្តភក្តិ​ដែកថែប​នឹង​គ្នា​។ កាលពី​ខែមេសា​ឆ្នាំ​នេះ ឯកឧត្តម ស៊ី ជី​ន​ពីង (Xi Jinping) ប្រធានាធិបតី​ចិន និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​ជួប​ពិភា​ក្សា​គ្នា​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បាន​ប្រកាស​រួម​គ្នា​ឆ្នាំ 2025 ជា “​ឆ្នាំ​ទេសចរណ៍​ចិន​-​កម្ពុជា​” ដែល​នាំ​មក​ នូវ​ឱកាស​សំខាន់​ៗ​សម្រាប់​ការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ច សហប្រតិបត្តិការ​លើវិស័យ​វប្បធម៌ និងទេសចរណ៍​រវាង​ប្រទេស​ចិន​-​កម្ពុជា​។

លោក​បញ្ជាក់​ថា ​៖ «​ការ​ប្រារព្ធ​ពិធី​នេះ គឺជា​សកម្មភាព​ជាក់ស្តែង​មួយ ដើម្បី​អនុវត្ត​ការ​ឯកភាព​ដ៏សំខាន់ ដែល​សម្រេច​បាន​រវាង​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក៏​ជា​វិធានការ​ជាក់​ស្តែង​មួយ ដើម្បី​បន្ត​ទំនាក់ទំនង​មិត្តភាព​ដ៏​រឹង​មាំ​រវាង​ចិន​និង​កម្ពុជា​» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ