ស្ថានភាពទឹកទន្លេមេគង្គនៅតាមស្ថានីយវាស់កម្រិតទឹក៧កន្លែងនៅកម្ពុជា ទោះបីជាមិនទាន់ដល់កម្រិតប្រកាសអាសន្នក៏ពិតមែន ប៉ុន្តែឃើញថា វាកម្រើកឡើងហើយ ក្រោយអាងទន្លេមេគង្គរងនូវឥទ្ធិពលព្យុះជាបន្តបន្ទាប់ ហើយជាមួយនឹងព្យុះទី១៩ និងព្យុះទី២០ ស្ថានភាពកម្រិតទឹកអាចប្រែប្រួល ។ ក្រសួងធនធានទឹក…
ស្ថានភាពទឹកទន្លេមេគង្គនៅតាមស្ថានីយវាស់កម្រិតទឹក៧កន្លែងនៅកម្ពុជា ទោះបីជាមិនទាន់ដល់កម្រិតប្រកាសអាសន្នក៏ពិតមែន ប៉ុន្តែឃើញថា វាកម្រើកឡើងហើយ ក្រោយអាងទន្លេមេគង្គរងនូវឥទ្ធិពលព្យុះជាបន្តបន្ទាប់ ហើយជាមួយនឹងព្យុះទី១៩ និងព្យុះទី២០ ស្ថានភាពកម្រិតទឹកអាចប្រែប្រួល ។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសហើយថា យោងតាមការអង្កេត និងវិភាគលើស្ថានភាពធាតុអាកាសក្នុងតំបន់ និងកម្ពុជាសម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២០ ឈ្មោះ ប៊ូឡូយ (Bualoi)។
ព្យុះទី២០នេះនឹងបោះជំហានចូលសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ដោយដើរស្របនឹងគន្លងព្យុះទី១៨ ឈ្មោះ រ៉ាហ្គាសា (Ragasa) ។ ដោយឡែក ព្យុះទី១៩ ឈ្មោះ នេហ្គោរី (Neoguri) កំពុងស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

ប្រភពដដែលបានបន្តថា ព្យុះទាំងនេះ ពិសេសព្យុះទី១៨ និងព្យុះទី២០នឹងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើកម្ពុជា ។
តាមការប្រកាសគន្លងផ្លូវដើររបស់ព្យុះទាំង៣នេះពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កម្រិតនៃទឹកភ្លៀង និងបាតុភូតអន្តរាយផ្សេងៗដូចជា ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គឺកើតមានកាន់តែច្រើន ពោល គឺពី៧០ទៅ៨០ភាគរយឯណោះ ។
ប្រភពបានឲ្យដឹងថា តំបន់វាលទំនាបដែលមានដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំង ជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។

នៅតំបន់មាត់សមុទ្រដែលសណ្តូកពី ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំង ជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៧០% ។ ប៉ុន្តែអ្វីដែលត្រូវតែដឹងនោះ គឺថារលកសមុទ្រមានកម្ពស់ ខ្ពស់ជាងធម្មតា ដែលមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ ។ ដូច្នេះ សូមប្រយ័ត្ន ដើម្បីកុំអោយគ្រោះថ្នាក់។
សម្រាប់តំបន់ខ្ពង់រាបដូចជានៅខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៨០%។
សូមបន្តលើកកម្ពស់ការប្រុងប្រយ័ត្ន និងត្រៀមបម្រុងទុកជាមុន ហើយយើងខ្ញុំក៏សង្ឃឹមថា ស្ថាប័នពាក់ព័ន្ធ ដូចជា អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកងកម្លាំង ព្រមទាំងអាជ្ញាធរដែនដីក៏ត្រូវត្រៀមខ្លួនជួយពលរដ្ឋដែរ នៅពេលដែលមានបញ្ហាគ្រោះធម្មជាតិនេះកើតមានឡើង ។

រហូតដល់ថ្ងៃទី ២៨ ខែកញ្ញា ស្ថានភាពទឹកនៅតាមស្ថានីយទាំង៧ នៅកម្ពុជា កម្ពស់ទឹកនឹងឡើងមិនដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ពោលគឺក្រោម០,៤៥ ទៅ២ម៉ែត្រឯណោះ ប៉ុន្តែជាទូទៅមិនអាចធ្វេសប្រហែសបានឡើយ ពីព្រោះបាតុភូតធម្មជាតិនៅពេលនេះគឺមានការប្រែប្រួល ។
ជាទូទៅកម្រិតទឹកទន្លេមេគង្គត្រូវបានគណៈកម្មការទន្លេមេគង្គបានអះអាងថា របបទឹកទន្លេមេគង្គ វាពិតផ្អែកខ្លាំងនៅលើរបបទឹកភ្លៀងនៅអាងទន្លេមេគង្គពី៧០ទៅ ៨០ ភាគរយឯណោះ ។ ដូច្នេះ នៅក្នុងករណីដែលអាងទន្លេរងទឹកភ្លៀងខ្លាំងនោះ របបកម្រិតទឹកនឹងប្រែប្រួលទៅតាមនោះដែលនោះហើយយើងត្រូវតែយកចិត្តទុកដាក់ ។
ក្រៅពីនោះ កម្ពុជា និងតំបន់ទាំងមូលអាចនៅទទួលរងនូវព្យុះទីហ្វុង យ៉ាងហោចណាស់៤ទៅ៥ថែមទៀត ដែលយើងរឹតតែត្រូវតែបង្កើនការយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាក៏ដោយបញ្ចៀសនូវផលប៉ះពាល់នានា ពីធ្ងន់ធ្ងរមកស្រាលពីស្រាលមកអត់ ប៉ុន្តែប្រសិនបើយើងធ្វេសប្រហែស គ្រោះធម្មជាតិអាចនឹងបង្កគ្រោះថ្នាក់ដល់យើងបាន ៕
ចែករំលែកព័តមាននេះ