ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​អាជីវកម្ម​លក់​ពងមាន់​អាំង​អាច​ដោះ​ស្រាយ​​​ជីវភាព​ក្នុង​គ្រួ​សារបាន​មួយ​កម្រិតដែរ​

3 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ ប្តី​ប្រពន្ធ​មួយ​គ្រួសារ​មានកូន​៤​នាក់​ក្នុង​បន្ទុក មានស្រុក​កំណើត​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ បាន​មក​រស់នៅ​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ដោយ​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង​នៅ​ភូមិ​សង្កាត់​ខាងលើ…

ខេត្តកំពត ៖ ប្តី​ប្រពន្ធ​មួយ​គ្រួសារ​មានកូន​៤​នាក់​ក្នុង​បន្ទុក មានស្រុក​កំណើត​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ បាន​មក​រស់នៅ​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ដោយ​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង​នៅ​ភូមិ​សង្កាត់​ខាងលើ ដើម្បី​ប្រកប​អាជីវកម្ម​លក់​ពងមាន់​អាំង ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ឈ្មោះ សុខ រ៉ា អាយុ​៤២​ឆ្នាំ ជា​ប្រពន្ធ និង​ជា​អ្នក​ច្នៃ​ផ្សំ​គ្រឿង​ធ្វើ​ពងមាន់​អាំង​ឱ្យ​ប្តី​យក​ទៅ​លក់​បាន​ប្រាប់​អ្នក​យក​ព​ត៌​មាន​យើង កាលពី​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ ២០២៥​ថា ការ​ចាប់​មុខរបរ​ធ្វើ​ពងមាន់​អាំង​នេះ រូប​គាត់​២​នាក់​ប្តី​ប្រពន្ធ​បាន​ចាប់​អាជីព​នេះ​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ ។ កាលនោះ ធ្វើ​នៅ​ខេត្តតាកែវ​អស់​រយៈពេល​៤​ឆ្នាំ ដោយសារ​តែ​នៅ​ខេត្តតាកែវ​មុខរបរ​នេះ គេ​ធ្វើ​ច្រើន​គ្នា​ពេក​ពិបាក​ក្នុង​ការ​លក់ដូរ​ពុំ​សូវ​ដាច់ ហើយ​ក៏​នាំ​ប្តី​ប្រពន្ធ​ចេញពី​ស្រុក​កំណើត​មក​មក​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ក្រុង​កំពត​ដើម្បី​បន្ត​អាជីព​លក់​ពងមាន់​អាំង​នេះ​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ។

ស្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​អាជីវកម្ម​លក់​ពងមាន់​អាំង​នេះ ការ​រក​ចំណូល​ឬ​ផល​ចំណេញ​មិន​បាន​ទៀងទាត់​នោះ​ទេ មាន​ថ្ងៃ​ខ្លះ​ស្រណុក​លក់ ថ្ងៃ​ខ្លះ​ក៏​លក់​មិន​អស់​ផង​ដែរ ហើយ​ការ​លក់​បាន​ដាច់​ក៏​មិនសូវ​បាន​ចំណេញ​ដូច​ពី​មុន​នោះ​ទេ ដោយសារ​ពងមាន់​ទិញ​ចូល​ពី​ម៉ូយ​ឡើងថ្លៃ​ជាង​មុន រីឯ​លក់​ចេញ​នៅ​តម្លៃ​ដដែល ចំណេញ​ដែរ​តែ​ចំណេញ​តិច ។ គ្រាន់តែ​ផាត់​ថ្លៃ​គ្រឿងផ្សំ ពងមាន់​ចំនួន​១០០​ពង នៅ​សល់​ប្រាក់​ចំណេញ​បាន​ត្រឹមតែ​៦​ទៅ​៧​ម៉ឺន​រៀល​ប៉ុណ្ណោះ បើ​ថ្ងៃ​ណា​លក់​មិន​អស់​ក៏​រក​មិនឃើញ​ប្រាក់​ចំណេញ​ផង​ដែរ ។

ស្ត្រី​ជា​ប្រពន្ធ​ឲ្យ​ដឹង​ទៀត​ថា ពងមាន់​ដែល​ម៉ូយ​យក​មក​ដាក់​ឲ្យ​ម្តង​មួយ​ដុំ​ក្នុង​មួយ​ដុំ​នោះ​មាន​ចំនួន​៣០០​គ្រាប់ (​ក្នុង​១​ដុំ​) តម្លៃ​១៤​ម៉ឺន​រៀល ។ ហើយ​ក្នុង​៣០០​គ្រាប់​នេះ គឺ​ត្រូវ​ច្នៃ​លាយ​គ្រឿង​រួច​យក​ទៅ​ចំអិន​ឲ្យ​ឆ្អិន​ទាំងអស់​ក្នុង​មួយ​ថ្ងៃ ។ រីឯ​រយៈពេល​ចំអិន​ចាប់ពី​ម៉ោង​៧០០​ព្រឹក រហូត​ដល់​ម៉ោង​១២,០០​នាទី​យប់ ទើប​អាច​ឆ្អិន ក្នុង​ការ​ចំអិន​ពង​នេះ ត្រូវការ​មើល​ភ្លើង​ជាប់​ជា​ប្រចាំ​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ បើភ្លើង​ឆេះ​ខ្លាំង​ពេក​ក៏​មិន​បាន ភ្លើង​ឆេះ​តិច​ពេក​ក៏​មិន​បាន​ដែរ ឲ្យ​ឆេះ​ម៉ា​ល្មម ទើប​មិន​ខូច​ពងមាន់ ស្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា កូន​ៗ​គាត់​ទាំង​តូច​ទាំង​ធំ​ចេះ​មើល​ភ្លើង​ចំហុយ​ពងមាន់​ទាំងអស់​គ្នា ដោយសារ​រូប​គាត់​បាន​បង្រៀន​កូន​ៗ ។

គាត់​បាន​ឲ្យ​ដឹង​ទៀត​ថា មុខរបរ​ច្នៃ​ធ្វើ​ពងមាន់​អាំង​លក់​នេះ ទោះបី​ចំណេញ​តិច​ក៏​ពិតមែន ប៉ុន្តែ​វា​អាច​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួ​សារបាន​មួយ​កម្រិត ។ ហើយ​ការងារ​នេះ​ជា​ការងារ​ស្រាល​ដែល​រូប​គាត់​ជា​ស្ត្រី​អាច​ធ្វើ​បាន​និង​អាច​ឈ្លៀតពេល​ជួយ​ធ្វើ​ការងារ​ផ្ទះ​ក្រោយ​ពី​ចប់​កិច្ចការ​ឆ្នៃ​គ្រឿង​ធ្វើ​ពងមាន់​នេះ​រួចរាល់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ