ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានម្តាយបង្កើតដាច់ចិត្តប្តឹងឱ្យនគរបាលឃាត់ខ្លួន សង្ស័យប្រើគ្រឿងញៀនលើសកំរិតស្រែកឡូឡា បង្កការអុកឡុក និងស្ទុះទៅ ទាញកាំបិតប៉័ងតោ និងអង្រែបុកគ្រឿងធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ម្តាយទៅឃាត់ថែមទាំងគំរាមវាយម្តាយទៀត ទ្រាំមិនបានក៏ដាច់ចិត្តប្តឹងឱ្យនគរបាលឃាត់តែម្តង។

ការឃាត់ខ្លួនកូនប្រុសសង្ស័យប្រើគ្រឿងញៀនលើសកំរិតបំផ្លាញទ្រព្យសម្បត្តិ ធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃកន្ទោច ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា យុវជនដែលម្តាយប្តឹងឱ្យឃាត់ខ្លួន មានឈ្មោះ ឡៃ ថុនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅជាមួយម្តាយក្នុងភូមិព្រៃកន្ទោច ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នៅមុនពេលកើតហេតុយុវជនដៃដល់ខាងលើ បានធ្វើសកម្មភាពស្រែកឡូឡា និងបង្កការអុកឡុកក្នុងផ្ទះ ដៃមានកាន់កាំបិតប៉័ងតោដងឈើ និងអង្រែបុកគ្រឿងខ្លីមួយ បានគំរាមវាយទៅលើម្តាយដែលមានឈ្មោះ ឃួន ណាន អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំខាងលើ ពេលនោះ ស្ត្រីជាម្តាយបានទៅហាមឃាត់ និងស្តីបន្ទោសឱ្យយុវជនជាកូន ស្រាប់តែជនសង្ស័យដៃដល់ខឹងសម្បារ និងធ្វើការវាយបំភ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បោកចាន ឆ្នាំងដាំបាយ កង្ហារពីព្យួរជញ្ជាំង ធាក់ទ្វារផ្ទះបាយ ទ្វារបន្ទប់ទឹកបណ្តាលឲ្យរងការខូចខាត ។

ដោយទ្រាំនូវទង្វើររបស់កូនប្រុសលែងបាន ទើបម្តាយបាន តេទូរស័ព្ទហៅសមត្ថកិច្ច ដើម្បីធ្វើការនាំខ្លួនឈ្មោះ ឡៃ ថុនា ខាងលើយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទឹកល្អក់ធ្វើការសួរនាំ និងកសាងសំណុំរឿងបន្ត ។
បើតាមការបញ្ជាក់ពីម្តាយយុវជនដៃដល់ខាងលើ ឈ្មោះ ឃួន ណាន ថា កន្លងទៅកូនប្រុសរបស់គាត់ (យុវជនសង្ស័យ)ខាងលើ ធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយគាត់ធ្លាប់បានយកដាក់នៅមណ្ឌលអប់រំកែប្រែចំនួន០២ដងរួចមកហើយ ប៉ុន្តែកូនប្រុសនៅតែមិនចេះកែខ្លួន ទើបគាត់ដាច់ចិត្តប្តឹងឱ្យនគរបាលឃាត់ខ្លួនអនុវត្តន៍តាមផ្លូវច្បាប់ចុះ។
បច្ចុប្បន្ន យុវជនសង្ស័យដៃដល់ខាងលើ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសី និងកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ