ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ព្រំដែន​ឪពុក​និង​កូន​នៅ​បន្ទាយ​មាន​ជ័យ ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំ​មនុស្ស និង​ទំនិញ​ឆ្លង​ដែន​ខុសច្បាប់ពីថៃ

21 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១៣​នាក់ ប្រុស​៨​នាក់ និង​ស្រី​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១៣​នាក់ ប្រុស​៨​នាក់ និង​ស្រី​៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ វរ​សេនា​តូច ១២ ០៤ ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​ត្រូវ​មេខ្យល់​នាំ​យក​ឆ្លង​ដែន​ចូល​តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ក្រោយ​ផ្សារ​ណ​ង​ពឺ ក្នុង​ឃុំ​ផា​សឹក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ​។ នេះ​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ សមាជិក​រដ្ឋសភា ។

ទីតាំង​ឆ្លង​ដែន​ខុសច្បាប់​នេះ ស្ថិត​នៅ​ក្រោម​ការ​ទទួលខុសត្រូវ​របស់​លោក​វរសេនីយ៍ត្រី ពៅ រតនា ប្រធាន​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ស្ពាន​ម៉ា​ឡៃ ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក​វរសេនីយ៍ទោ ពៅ វុ​ទ្ធី ហៅ​ធី​ស្នា មេបញ្ជាការ​រង​វរ​សេនា​តូច ៨៩១ ដែល​កំពុង​រត់គេច​ខ្លួន ។

ប្រភព​ពី​អ្នកស្រុក​ម៉ា​ឡៃ បាន​ខ្សិ​ប​ប្រាប់​ថា លោក​វរសេនីយ៍ត្រី ពៅ រតនា រកស៊ី​មិន​ខុស​ពី​ឪពុក​ទេ ជា​ពិសេស​ពាក់ព័ន្ធ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​។ សូម​ថ្នាក់លើ​មេត្តា​ពិនិត្យ​មើល និង​ពង្រឹង​ការងារ​ឡើង​វិញ​ផង កុំអោយ​ត្រីងៀត​ឆ្លៀត​ពង ។

ពាក់ព័ន្ធ​លោក​វរសេនីយ៍ទោ ពៅ វុ​ទ្ធី ហៅ​ធី​ស្នា មេបញ្ជាការ​រង​វរ​សេនា​តូច ៨៩១ ដែល​កំពុង​រត់គេច​ខ្លួន កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ កម្លាំង​ចម្រុះ​ឆ្មក់​បង្ក្រាប​កន្លែង​ស្តុក​ទំនិញ​នាំ​ចូល​ពី​ថៃ ដោយ​រឹបអូស​បាន​គ្រឿងក្រអូប​៥៥​កេស​ធំ ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រតិបត្តិការ​បង្ក្រាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី គង់ រិ​ទ្ធា មន្ត្រី​នគរបាល​យុត្តិធម៌ បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ែ​ត និង​មានការ​សម្រប​សម្បួ​សលោក សំរឹទ្ធ សុ​ខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​បង្ក្រាប​ផ្ទះ​ឈ្មោះ ពៅ វុ​ទ្ធី ហៅ ធី​ស្នា (​មាន​ឋានរ​ស័ក្តិ​វរសេនីយ៍ទោ តួនាទី​មេបញ្ជាការ​រង​នគរបាល​វរៈ​ការពារ​ព្រំដែន​៨៩១) ផ្ទៈ​ជាប់មាត់​អូរ​ព្រំដែន ស្ថិត​ក្នុងភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រតិបត្តិការ​មាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត សហការ​ជាមួយ​កម្លាំងយោធា​កងពលតូច​ថ្មើរជើង​លេខ​៥១ មាន​កម្លាំង​១៥​នាក់ រថយន្ត​៣​គ្រឿង រក​ឃើញ​ដកហូត​មាន​គ្រឿងក្រអូប​ចម្រុះ​ចំនួន​៥៥​កេស មានផ្ទះ​ជាប់​អូរ​ព្រំដែន​មាន​ជណ្តើរថ្ម​លយ​ចូល​អូរ មាន​ទូក​ស្មាច់ ១​គ្រឿង សម្រាប់​ចម្លង​ទំនិញ​ឆ្លង​អូរ​ព្រំដែន ។

សូម​បញ្ជាក់​ថា ក្រោយ​សភាពការណ៍​ព្រំដែន​ភាគី​ថៃ​បាន​បិទ​ច្រកព្រំដែន​កម្ពុជា​-​ថៃ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បិទ និង​ទប់ស្កាត់​មិន​ឱ្យ​ទំនិញ​ថៃ​នាំ​ចូល​មក​កម្ពុជា ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ពហិការ​មិន​ប្រើប្រាស់​ទំនិញ​ថៃ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ