ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ជម្រាប​ក្នុង​កិច្ចប្រជុំ​អាយ​ប៉ា កុំ​ឲ្យ​ថៃ​ប្រើ​ច្បាប់​ព្រៃ និង​អនុវត្ត​ច្បាប់អាជ្ញាសឹក​នៅ​ក្រៅ​ដែនដី​របស់​ខ្លួន

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា បាន​ជម្រាប​នៅ​ក្នុង​កិច្ចប្រជុំ​អាយ​ប៉ា ថា កុំ​ឲ្យ​ថៃ​ប្រើ “​ច្បាប់​ព្រៃ និង​អនុវត្ត​ច្បាប់អាជ្ញាសឹក​” នៅ​ក្រៅ​ដែនដី​របស់​ខ្លួន ដែល​ជា​ការ​រំលោភ​បំពាន​លើ​អធិបតេយ្យ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា បាន​ជម្រាប​នៅ​ក្នុង​កិច្ចប្រជុំ​អាយ​ប៉ា ថា កុំ​ឲ្យ​ថៃ​ប្រើ “​ច្បាប់​ព្រៃ និង​អនុវត្ត​ច្បាប់អាជ្ញាសឹក​” នៅ​ក្រៅ​ដែនដី​របស់​ខ្លួន ដែល​ជា​ការ​រំលោភ​បំពាន​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ដទៃ ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​១ នៃ​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (​អាយ​ប៉ា​/AIPA) លើក​ទី​៤៦ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី សម្តេច​ប្រធានរដ្ឋសភា បាន​អំពាវ​ទាវ​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់ “​ច្បាប់​ព្រៃ និង​ការ​អនុវត្ត​ច្បាប់អាជ្ញាសឹក​” នៅ​ក្រៅ​ដែនដី​របស់​ខ្លួន ដែល​ជា​ការ​រំលោភ​បំពាន​លើ​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​ដទៃ​ទៀត ។

សម្តេច​ប្រធានរដ្ឋសភា ជម្រាប​មហាសន្និបាត​អាយ​ប៉ា​ថា កាលពី​ម្សិលមិញ គឺ​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ កងកម្លាំង​យោធា​ថៃ បាន​ប្រើប្រាស់​កម្លាំង​មក​លើ​ប្រជាជន​ស្លូតត្រង់​របស់​កម្ពុជា ដែល​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ជាង​២០​នាក់​។ ថៃ​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់ នូវ​ការ​ប្រើប្រាស់​កម្លាំងយោធា ប្រឆាំង​នឹង​ជន​ស៊ី​វិល និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៅ​ទៀត ។

សម្តេច បាន​គូសបញ្ជាក់​ថា ការ​កសាង​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ទាមទារ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ពី​ភាគី​ទាំង​ពីរ ដោយ​មាន​សុច្ឆន្ទៈ និង​ភាព​ស្មោះត្រង់​ពិតប្រាកដ​។ ភាគី ដែល​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់ ត្រូវ​តែ​ទទួល​ការ​ថ្កោលទោស ឬ​ការ​ដាក់​ទណ្ឌកម្ម​ជា​ដាច់ខាត​។

នៅ​ក្នុង​កិច្ចប្រជុំ ដែល​មាន​ថ្នាក់ដឹកនាំ​សភា​គណៈប្រតិភូ​សភា​អាស៊ាន ចូលរួម​ជាមួយ​សភា​ប្រទេស​សង្កេតការណ៍ និង​ដៃគូរ​អភិវឌ្ឍន៍​អាយ​ប៉ា ជា​ច្រើន​ចូលរួម ប្រមាណ​ជា​៩០០​នាក់ សម្តេច​បាន​ជម្រាប​កិច្ចប្រជុំ​ថា កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នេះ នៅ​មាន​ភាព​ផុយ​ស្រួយ​ខ្លាំង​នៅឡើយ ខណៈ​សកម្មភាព​រំលោភ​បំពាន​ពី​ភាគី​ថៃ នៅ​តែ​បន្ត​កើត​មាន​ជា​បន្តបន្ទាប់ រួម​មាន ការ​បន្ត​ឃុំខ្លួន​ទាហាន​កម្ពុជា ១៨​នាក់ ដោយ​ខុសច្បាប់ ធ្វើ​ជា​ចំណាប់ខ្មាំង ប៉ុន្មាន​ម៉ោង​ក្រោយ​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន និង​ករណី​រាយ​លួស​បន្លា​ខុសច្បាប់ និង​សកម្មភាព​នានា​ដែល​រំខាន​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់ និង​បាន​រំលោភ​បំពាន​ម្តង​ហើយ​ម្តងទៀត មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា ។

សម្តេច​បាន​អំពាវនាវ ដល់​សហគមន៍​អន្តរជាតិ ជួយ​បន្ត​តាមដាន​ជា​ប្រចាំ​នូវ​កា​រវិ​វត្ត នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់ និង​ធ្វើការ​វាយតម្លៃ​ដោយ​ខ្លួនឯង ផ្អែក​លើ​តថភាព​ជាក់ស្តែង​។ ក្នុង​ន័យ​នេះ យើង​ចាំបាច់​ត្រូវ​មាន​បេសកកម្ម​ស្វែងរក​ការ​ពិតជា​អន្តរជាតិ និង​ជា​បន្ទាន់​។ “​ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា ការ​បន្ត​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់ នឹង​បណ្តាល​ឱ្យ​បាត់បង់​ទំនុកចិត្ត​ផ្នែក​នយោបាយ និង​ការ​ផ្ទុះ​ឡើង​វិញ​នៃ​ជម្លោះ​ប្រដាប់​អាវុធ ដែល​នឹង​បង្ក​ផលវិបាក​ដល់​ប្រជាជាតិ​ទាំង​ពីរ​”​។

ជាមួយ​គ្នា​នេះ សម្តេច​ក៏​បាន​អំពាវនាវ បញ្ឈប់​ការ​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​បោះបង្គោល​ព្រំដែន​ជា​ឯកតោភាគី ហើយ​ទុក​ភារកិច្ច​ស្របច្បាប់​ឱ្យ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) បន្តការងារ​របស់​ខ្លួន តាម​មធ្យោបាយ​សន្តិវិធី ផ្អែក​លើ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ និង​ច្បាប់​អន្តរជាតិ ។

សម្តេច​បាន​បញ្ជាក់​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ធ្លាប់​បាន​សម្រេចសេចក្តី​លើ​ករណី​ប្រាសាទព្រះវិហារ ក្នុង​ឆ្នាំ​១៩៦២ និង​តំបន់​ជុំវិញ​ប្រាសាទ ក្នុង​ឆ្នាំ​២០១៣ ដែល​ជា​មូលដ្ឋាន​គតិ​យុ​ត្ត​ដ៏​សំខាន់​សម្រាប់​ភាគី​ទាំង​ពីរ ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន ដោយ​សន្តិវិធី ជា​ពិសេស​ពាក់ព័ន្ធ​នឹង​តំបន់​ដែល​មិន​ទាន់​មានការ​ឯកភាព​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ