ភរិយានាយករដ្ឋមន្ត្រីកម្ពុជា ចុះសួរសុខទុក្ខវីរកងទ័ព ដែលរងរបួសគ្រាប់ភ្នែកធ្ងន់ធ្ងរ ពីការឈ្លានពានរបស់ថៃ
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត»…
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត»…
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលរងរបួសគ្រាប់ភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេលការពារពីសកម្មភាពនគរបាលនិងកម្លាំងចម្រុះថៃ ដែលចូលបំពានដែនដីកម្ពុជានិងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ដោយក្តីអាណិតអាសូរជាពន់ពេក «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់ចែងឱ្យបញ្ជូនវីរកងទ័ពឈ្មោះ “ម៉ន ភក្ត្រា” ភេទប្រុស អាយុ ២៥ឆ្នាំ មកព្យាបាលរបួសគ្រាប់ភ្នែកខាងស្តាំជាបន្ទាន់ នៅមន្ទីរពេទ្យព្រះអង្គឌួង។ ហេតុតែបារម្ភខ្លាំងចំពោះសុខភាពរបស់វីរកងទ័ព «លោកជំទាវបណ្ឌិត» បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ ពិនិត្យលើមុខរបួស និងថែមទាំងបានណែនាំឱ្យក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យរបស់ សមាគម TYDA ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង ព្យាបាលឱ្យអស់ពីលទ្ធភាពដើម្បីឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ ។
ជាងនេះទៅទៀតនោះ «លោកជំទាវបណ្ឌិត» បានណែនាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឱ្យរៀបចំចាត់ចែងអាហារបីពេល ភេសជ្ជៈ និងជួយសម្រួលដល់ការស្នាក់អាស្រ័យរបស់អ្នកជំងឺ និងក្រុមគ្រួសារក្នុងអំឡុងពេលព្យាបាល។ ទន្ទឹមនឹងនេះផងដែរ «លោកជំទាវបណ្ឌិត» បានយកអំណោយរបស់ «សម្តេចធិបតី» និង «លោកជំទាវ» ប្រគល់ជូនវីរកងទ័ពក្នុងអំឡុងពេលសម្រាកព្យាបាល ក៏ដូចជាជួយដល់ក្រុមគ្រួសារ។ សកម្មភាពទាំងនេះពិតណាស់បានបង្ហាញនូវទឹកចិត្តសប្បុរស ការយកចិត្តទុកដាក់ និងក្តីមេត្តាដ៏ខ្ពស់ខ្ពស់ថ្លៃថ្លាបំផុតរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះវីរកងទ័ព និងចំពោះប្រជាជនខ្មែរគ្រប់ៗរូប ។
សូមបញ្ជាក់ផងដែរថា ហេតុការណ៍បានកើតឡើង បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ីចុះពិនិត្យ សង្កេតនៅទីតាំងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង ១៣:៥៧នាទីរសៀល។ ក្រោយរយៈពេលប្រហែលជាងមួយម៉ោង គឺនៅម៉ោង ១៥:៣០នាទីរសៀល កងកម្លាំងចម្រុះរបស់ភាគីថៃ រួមមានកម្លាំងតម្រួតព្រំដែន ទាហានប៉ារ៉ា ទាហានឈុតខ្មៅ នគរបាល និងប្រជាពលរដ្ឋស្រុកគោកធ្យូង ចំនួនប្រហែល ៣០០នាក់ មានកាន់អាវុធប្រភេទស្រាលធ្ងន់គ្រប់ដៃ បានចូលមកធ្វើសកម្មភាពរាយបន្លាលួស រហូតដល់ម៉ោង ១៦:២០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងចម្រុះរបស់ភាគីថៃបានប្រើប្រាស់បន្ថែមនូវរថយន្តបំពាក់ឧបករណ៍បំពងសំឡេង និងកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រដាស់ត្រចៀក ប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សា អមនុស្សធម៌ ទមិឡឥតសាសនា មកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ ចំនួន ២៨អង្គ/នាក់ បណ្តាលឱ្យដួលសន្លប់ និងរងរបួសធ្ងន់ និងស្រាល។ ជាអកុសល្យ ក្នុងពេលកំពុងការពាររប្រជាពលរដ្ឋកម្ពុជាពីសត្រូវឈ្លានពាន វីរកងទ័ព “ម៉ន ភក្ត្រា” ក៏ត្រូវកម្លាំងចម្រុះភាគីថៃបាញ់ចំគ្រាប់ភ្នែកខាងស្តាំ បណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ និងហូរឈាមយ៉ាងច្រើន រួចក៏ត្រូវបានរៀបចំចាត់ចែងបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ ។
សកម្មភាពឯកតោភាគីខាងលើរបស់ភាគីថៃ គឺភាគីថៃផ្អែកលើផែនទីខ្នាត ១/៥០,០០០ ដែលគូសដោយឯកឯងរំលោភចូលមកទឹកដីកម្ពុជា ដែលផ្ទុយស្រឡះពីផែនទីខ្នាត ១/២០០,០០០០ ដែលភាគីទាំងសងខាងបានព្រមព្រៀងរវាងគណៈកម្មការព្រំដែនឥណ្ឌូចិន និងសៀម បង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយថែមទាំងត្រូវបានបញ្ជាក់ទទួលស្គាល់ឡើងវិញដោយកម្ពុជា និងថៃ នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (MOU 2000) ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» នាយករដ្ឋមន្ត្រី បានផ្ញើសារលិខិត និងទូរសព្ទផ្ទាល់ទៅកាន់ប្រធានអាស៊ាន រួមទាំងថ្នាក់ដឹកនាំពិភពលោក នៅថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
ភាគីកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ការគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងទាំងឡាយ រួមមានដូចជា អនុស្សរណៈ ឆ្នាំ២០០០ (MOU 2000) របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ជាពិសេសគឺរាល់សេចក្តីសម្រេចក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់ភូមិភាគ (RBC) ៕
ចែករំលែកព័តមាននេះ