ជំងឺមហារីកក្រពះកំពុងក្លាយជាបញ្ហាគួរឱ្យបារម្ភក្នុងចំណោមជំងឺប្រព័ន្ធរំលាយអាហារ។ ជារឿយៗវាអាចច្រឡំជាមួយជំងឺក្រពះធម្មតា ដែលធ្វើឱ្យការព្យាបាលយឺតយ៉ាវ។ តើអ្នកយល់ដឹងពីមូលហេតុ, រោគសញ្ញា, និងវិធីការពារខ្លួនពីជំងឺដ៏កាចសាហាវនេះហើយឬនៅ?
តើអ្វីជាមូលហេតុនៃជំងឺមហារីកក្រពះ?
ទោះបីជាមូលហេតុពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ ក៏កត្តាខាងក្រោមអាចបង្កើនហានិភ័យនៃជំងឺនេះ៖
មេរោគ: ការឆ្លងមេរោគ Helicobacter Pylori។
របបអាហារ: ញ៉ាំអាហារប្រៃពេក, អាហារផ្អាប់, ឬអាហារកំប៉ុងច្រើន។
កត្តាតំណពូជ: មានសមាជិកគ្រួសារធ្លាប់កើតជំងឺនេះ។
ទម្លាប់រស់នៅ: ជក់បារី និងផឹកស្រាច្រើន។
រោគសញ្ញាដែលមិនគួរមើលរំលង
នៅដំណាក់កាលដំបូង ជំងឺនេះអាចគ្មានរោគសញ្ញាច្បាស់លាស់។ ប៉ុន្តែប្រសិនបើអ្នកជួបប្រទះអាការៈទាំងនេះ សូមប្រញាប់ទៅជួបគ្រូពេទ្យ៖
ឈឺចុងដង្ហើម ឬឆ្អល់ពោះ
ពិបាករំលាយអាហារ
ស្រកទម្ងន់ ឬបាត់បង់ចំណង់អាហារ
លាមកមានពណ៌ខ្មៅ
ចង្អោរ ឬក្អួតញឹកញាប់
ស្លេកស្លាំង
វិធីការពារខ្លួនពីជំងឺមហារីកក្រពះ
ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺនេះ អ្នកអាចអនុវត្តតាមគន្លឹះងាយៗដូចខាងក្រោម៖
ជ្រើសរើសអាហារ: ញ៉ាំអាហារសាប, ជៀសវាងអាហារផ្អាប់ ឬកំប៉ុង។
ញ៉ាំបន្លែ និងផ្លែឈើ: ទទួលទានបន្លែ និងផ្លែឈើស្រស់ឱ្យបានទៀងទាត់។
ថែរក្សាសុខភាព: ហាត់ប្រាណជាប្រចាំដើម្បីរក្សាទម្ងន់ខ្លួនឱ្យមានលំនឹង។
ឈប់ជក់បារី និងស្រា: កាត់បន្ថយ ឬឈប់ប្រើប្រាស់គ្រឿងស្រវឹង និងបារី។
ជំងឺមហារីកក្រពះអាចព្យាបាលជាសះស្បើយបានប្រសិនបើយើងរកឃើញទាន់ពេលវេលា។ ប្រសិនបើអ្នកមានរោគសញ្ញាគួរឱ្យសង្ស័យ សូមទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីទទួលបានការពិនិត្យ និងព្យាបាលត្រឹមត្រូវ៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត
ចែករំលែកព័តមាននេះ