រាជធានីភ្នំពេញ៖ កម្ពុជា-ចិន បានប្ដេជ្ញាពង្រឹងកិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ជួញដូរមនុស្សឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន អំពើភេរវកម្ម និងបទល្មើសឆបោកតាមអនឡាញ។
យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញទទួលជួបស្វាគមន៍ឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការទីក្រុងប៉េកាំង និងប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារ អំពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តម TAN XUXIANG លេខាធិការកិច្ចការនយោបាយ និងច្បាប់នៃគណៈកម្មាធិការទីក្រុងប៉េកាំង បានដឹកនាំប្រតិភូគណៈកម្មាធិការទីក្រុងប៉េកាំង អញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចពិភាក្សាការងារគឺផ្តោតសំខាន់ការបង្កើននូវទំនាក់ទំនងកាន់តែរឹងមាំ និងកិច្ចសហការដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធការងាររវាងគ្នាទៅវិញទៅមក ជាពិសេស លើការងារកិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ជួញដូរមនុស្សឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន អំពើភេរវកម្ម និងបទល្មើសឆបោកតាមអនឡាញ ដើម្បីពង្រឹងការងារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈរវាងទីក្រុងប៉េកាំង និងរាជធានីភ្នំពេញ៕
ចែករំលែកព័តមាននេះ